​កំពង់​ធំ​​រក​ឃើញ​បុរស​ម្នាក់​​ឆ្លង​កូវីដ​​ក្រោយ​ត្រឡប់​ទៅ​​ផ្ទះ​នៅ​​តាំងគោក


អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ
អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ ជជែក​ជាមួយ​ពលរដ្ឋ​​កំពុង​រក្សា​ខ្លួន​​ដាច់​ដោយ​ឡែក​នៅ​តាម​ផ្ទះ​នៅ​ឯ​ស្រុក​ស្ទោង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២១។ (រដ្ឋបាល​ខេត្ត​កំពង់ធំ)

​កម្ពុជា | ជ័យ ច័ន្ទមុន្នី | 09 Apr 2021 | 0 Comments |

កំពង់ធំ៖ រដ្ឋបាល​ខេត្ត​កំពង់ធំ ប្រកាស​ថា ​បុរស​ម្នាក់​អាយុ​២០​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​បុរស​រូប​នេះ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​របស់​គាត់​នៅ​ឯ​ស្រុក​តាំងគោក។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ រដ្ឋបាល​ខេត្ត​កំពង់ធំ បុរស​អាយុ​២០​ឆ្នាំ​រូប​នេះ បាន​ស្នាក់នៅ​ក្នុង​បន្ទប់​មួយ​មាន​គ្នា ៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា​កន្លង​មក​នេះ។

បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ធំ បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ផ្ទាល់​ខ្លួន​ពី​កន្លែង​ស្នាក់​នៅ​ឯ​ម្ដុំ​ផ្សារ​ត្រពាំងថ្លឹង ឆ្ពោះ​ទៅ​ភូមិ​កំណើត​នៅ​ឯ​ភូមិ​ស្រះសំបួរ ស្ថិត​ក្នុង​ឃុំ​ពង្រ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ប៉ុន្តែ មិន​បាន​ដឹង​ថា ស្ត្រី​ម្នាក់​ស្នាក់នៅ​រួម​គ្នា​បាន​ឆ្លង​កូវីដ​១៩​នោះ​ឡើយ។

រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ថា បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ហើយ ហើយ​សមាជិក​ ៤​នាក់​នៃ​ក្រុម​គ្រួសារ​របស់​បុរស​រូប​នេះ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ស្ថិត​ក្នុង​វិទ្យាល័យ​កំពង់ធំ។

គិតត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ជំងឺ​កូវីដ​១៩​សរុប​ទូទាំង​ប្រទេស​ដល់​ទៅ ៣ ៦០៤​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​នៅ​ពេល​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​មក។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​១៩​សរុប ១ ៩៨៤​នាក់​ហើយ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្រោយ​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៧០​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕