រាជ​រដ្ឋាភិបាល​​​សម្រេច​បិទ​ខ្ទប់​​រាជ​ធានី​ភ្នំពេញ និង​ទី​ក្រុង​តាខ្មៅ​​១៤​ថ្ងៃ​


ក្រុម​គ្រូ​ពេទ្យ
ក្រុម​វេជ្ជសាស្ត្រ​យក​សំណាក​ពី​សមាជិក​នៃ​គ្រួសារ​ប្រជា​ពលរដ្ឋ​​មួយ​រស់​នៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១។ (មេគង្គ ដេលី)

​កម្ពុជា | ជ័យ ច័ន្ទមុន្នី | 15 Apr 2021 | 0 Comments |

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈ​ពេល ១៤​ថ្ងៃ​បណ្ដោះ​អាសន្ន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូវីដ​១៩។

ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​យប់​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ភូមិសាស្ត្រ​តែ​មួយ​ជាមួយ​រាជ​ធានី​ភ្នំពេញ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ។

បើ​តាម​សេចក្ដី​សម្រេច​ដដែល​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​សម្រេច​បែប​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។

ក្នុង​សេចក្ដី​សម្រេច​នោះ រាជ​រដ្ឋាភិបាល​បាន​សម្រេច​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន ហាម​ឃាត់​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស និង​ផ្អាក​រាល់​ការ​ប្រកប​មុខ​របរ និង​អាជីវកម្ម​គ្រប់​ប្រភេទ។

បើ​តាម​របាយការណ៍​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​​ដល់​ទៅ ៤ ៨៧៤​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក ក្នុង​នោះ​មនុស្ស​ដល់​ទៅ ៤ ៣៣៧​នាក់ បាន​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ក្រោយ​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ក្នុង​សហគមន៍ ២​០​កុម្ភៈ៕