កម្ពុជា​រក​ឃើញ​មនុស្ស​ច្រើន​បំផុត​ដល់​ទៅ​៥៧៦​នាក់​ឆ្លង​កូវីដ​នៅ​ថ្ងៃ​នេះ


មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត
ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​យាន​យន្ត​លើ​ដង​វិថី​ឆ្លង​កាត់​មុខ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១។ (មេគង្គ ដេលី)

​កម្ពុជា | ជ័យ ច័ន្ទមុន្នី | 09 Apr 2021 | 0 Comments |

ភ្នំពេញ៖ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៥៧៦​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​វីរុស​កូរ៉ូណា ដែល​នេះ​គឺ​ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​មួយ​ថ្ងៃ​នៅ​កម្ពុជា​ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​រក​ឃើញ​ករណី​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​​បាន​និយាយ​ថា ករណី​ឆ្លង​ថ្មី​ទាំង ៥៧៦​នាក់​នេះ សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ក្នុងសហគមន៍ ២០​កុម្ភៈ ដែល​បាន​អូស​បន្លាយអស់​រយៈ​ពេល​ជិត ២០​ខែ​មក​ហើយ​នោះ។

បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៥៤៤​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​រាជ​ធានី​ភ្នំពេញ ករណីឆ្លង​ថ្មី ១៦​នាក់​ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ស្វាយរៀង ខេត្ត​ព្រះសីហនុ​រក​ឃើញ​ករណី​ឆ្លង​ថ្មី ១២​នាក់​ទៀត ខេត្ត​សៀម​រាប​រក​ឃើញ​ថ្មី ២​ករណី និងរក​ឃើញ ១​ករណី​ៗ​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​កណ្ដាល។

បូក​ទាំងថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ជំងឺ​កូវីដ​១៩​សរុប​ទូទាំង​ប្រទេស​ដល់​ទៅ ៣ ៦០៤​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​នៅ​ពេល​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​មក។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​១៩​សរុប ១ ៩៨៤​នាក់​ហើយ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្រោយ​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៧០​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕