រឿងមន្ទីរពេទ្យ និងគ្រូពេទ្យ


អ្នកស្រី ចក់ សុភាព
អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​ផ្លោក​ឈាម​ដែល​អ្នកស្រី​បាន​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ

មតិ​មហាជន | ជ័យ ច័ន្ទឧត្ដម | 22 Oct 2019 | 0 Comments |

មនុស្សជាច្រើន បានដឹងឮ និយាយ និងរងផលប៉ះពាល់ពីបញ្ហាសុខាភិបាល ខណៈទាំងមន្ត្រីរាជការមួយចំនួន និងពលរដ្ឋជាច្រើនដែលមានលទ្ធភាព ងាក​ទៅ​ប្រើ​ប្រាស់​សេវាសុខាភិបាលក្រៅស្រុក។


យ៉ាងណាក្តី ថ្ងៃនេះ ខ្ញុំសូមលើកជ្រុងមួយពីបទពិសោធន៍របស់ខ្ញុំ និងគ្រួសារខ្ញុំក្នុងការទទួលបានសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋក្នុងស្រុក។


ក្នុងវ័យ ៨០ឆ្នាំ យាយរបស់ខ្ញុំបានប្រឈមនឹងការសង្គ្រោះបន្ទាន់ ដោយសារបញ្ហាតម្រង់នោម ហើយត្រូវបានព្យាបាលជាបន្តបន្ទាប់។ ក្នុងរយៈពេលជិត ៤ខែនេះ យើងបានប្ដូរមន្ទីរពេទ្យចំនួនពីរ បន្ទាប់ពីមន្ទីរពេទ្យទីមួយ តម្រូវ ថា ត្រូវវះចោះ ភ្លាមៗ។

ក្រោយពីព្យាយាមព្យាបាលជិតមួយខែ យើងក៏បានសម្រេចសាកនាំគាត់ទៅមន្ទីរពេទ្យទីពីរជាមួយក្ដីសង្ឃឹមតិចតួចថា អាចព្យាបាលបានជាជាងការវះកាត់ ព្រោះ​យាយចាស់ហើយ តែបើគ្មានជម្រើសនោះ ត្រូវតែធ្វើតាមពេទ្យជាក់ជាមិនខាន។

បន្ទាប់ពីព្យាបាលជិត ២ខែមក ស្ថានភាពរបស់យាយបានប្រែល្អប្រសើរ ហើយការព្យាបាលបានជោគជ័យដោយមិនតម្រូវវះចោះនោះទេ។

ខ្ញុំបានឃើញទិដ្ឋភាពនៃការខ្នះខ្នែងធ្វើការទាំងថ្ងៃយប់ ពេលខ្លះត្រូវធ្វើហួសម៉ោងបាយ មានការពន្យល់ និងផ្ដល់សេវាដល់ពលរដ្ឋសម្រាប់ទាំងអ្នកមានប័ណ្ណក្រីក្រី ឬប.ស.ស.។

ខ្ញុំលើករឿងនេះឡើង គឺចង់រំលេចនូវរឿងរ៉ាវវិជ្ជមានមួយពីការផ្ដល់សេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋក្នុងស្រុក ដែលជាទូទៅត្រូវរងការរិះគន់។

ខ្ញុំមិនច្រានចោលការរិះគន់នោះទេ ព្រោះសុទ្ធតែជាបទពិសោធន៍អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគាត់ ហើយដែលស្ថាប័នពាក់ព័ន្ធត្រូវដោះស្រាយ។

ហើយខ្ញុំសង្ឃឹមថា កិច្ចប្រឹងប្រែងដូចដែលខ្ញុំបានទទួលនេះ នឹងបន្ត និងអាចជួយលើកស្ទួយឱ្យវិស័យសុខាភិបាលបានប្រសើរឡើង ហើយអ្វីដែលខ្ញុំយល់ថា ជាសូចនាករនៃភាពល្អប្រសើរនោះ គឺនៅពេលមន្ត្រីធំៗ អ្នកមានទាំងឡាយ ពលរដ្ឋ នឹងជ្រើសរើសសេវាព្យាបាលពេទ្យក្នុងស្រុក ជាពិសេសពេទ្យរដ្ឋយើង។

ពេទ្យដែលខ្ញុំកំពុងនិយាយនេះ គឺជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមអរគុណចមពោះកិច្ចប្រឹងប្រែងល្អៗ អរគុណចមពោះការបញ្ចេញនូវសមត្ថភាពខ្ពស់ និងសូមបន្តនូវគម្រូល្អៗឱ្យបានច្រើនតទៅទៀត៕

បញ្ជាក់៖ នេះ​គឺ​ជា​សំណេរ​ទាំង​ស្រុង​របស់​អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៩។