ការទើសគឺជាទុក្ខ?


លោក ចាន់ សុផល គឺ​ជា​អ្នក​ស្រាវ​ជ្រាវ និង​វិភាគ​សេដ្ឋកិច្ច

មតិ​មហាជន | ជ័យ ច័ន្ទឧត្ដម | 21 Sep 2019 | 0 Comments |

ខ្ញុំ​មិន​ឯកភាព​នឹង​ការ​លើក​ឡើង​ថា «ការ​ទើស​គឺ​ជា​ទុក្ខ» នោះ​ទេ។ ខ្ញុំ​យល់​ឃើញ​ថា «ការ​ទើស​ដោយ​ទោស:​គឺ​ជា​ទុក្ខ ក៏​ប៉ុន្តែ ការទើស​ដោយ​មេត្តា គឺ​ជា​កុសល»

យើង​ត្រូវ​ចេះ​ទើស​នឹង​អ្វី​ដែល​ខុស (ជួន​កាល អ្វី​ដែល​យើង​យល់​ថា​ខុស វា​មិន​ខុស​ផង​ទេ) ប៉ុន្តែ កុំ​ទើស​ហើយ​ខឹង (ទោស:) ដែល​​នាំ​ឱ្យ​ក្លាយ​ជា​សង្ខារ (ការ​កត់​ចំណាំ​ក្នុង​ជម្រៅ​ចិត្ត) និង​ដែល​នាំ​ឱ្យ​មាន​ទុក្ខ។ យើង​ត្រូវ​ចេះ​ទើស ប៉ុន្តែ ទើស​ហើយ​ត្រូវ​មានការ​វិភាគ​រក​ឫស​គល់ និងដំណោះស្រាយ។

ដំណោះ​ស្រាយ​រួម​មាន​ដំណោះ​ស្រាយ​ដោយ​ផ្ទាល់ គឺ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង និង​ដំណោះ​ស្រាយ​ដោយ​ប្រយោល គឺ​ការ​ប្រាប់ ឬ​ផ្តល់​អនុសាសន៍​ឱ្យ​អ្នក​ដទៃ​ដែល​ទទួល​ខុស​ត្រូវ​ជា​អ្នក​ដោះស្រាយ។

បើ​រក​ដំណោះ​ស្រាយ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​មិនកើត យើង​ត្រូវ​ធ្វើ​ឧបេក្ខា គឺ​ការ​តាំង​ចិត្ត​ជា​កណ្ដាល ឬ​ព្រងើយ​កន្តើយ ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​ទុក្ខ និង​ការ​បៀម​ទុក្ខ​កាន់​តែ​កើន​ឡើង នាំ​ឱ្យ​យើង​ក្លាយ​ជា​មនុស្ស​ពោរ​ពេញ​ដោយ​ទោស: និង​មោហ:។

ការ​រក​ដំណោះ​ស្រាយ ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ឥន្ទ្រី​នៃ​គតិ​បណ្ឌិត (faculty of wisdom) ឬ​ដោយ​មនសិការ។ ចំណេះ​ដឹង និង​បញ្ញា មាន​សារ​សំខាន់​ណាស់​សម្រាប់​ការ​វិភាគ​អំពី​បញ្ហា និង​ការ​ស្វែង​រក​ដំណោះ​ស្រាយ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​រៀន​ច្រើន​ច្រើន និង​មាន​បទពិសោធន៍​ជាក់​ស្ដែង​ច្រើន។

ប្រសិន​បើ​យើង​យល់​ថា «ទើស​ជា​ទុក្ខ» ហើយ​យើង​ក៏​ព្រងើយ​កន្តើយ​គ្រប់​តែ​រឿង​ដើម្បី​ខ្លួន​បាន​សុខ វា​ជា​ការ​មិន​ល្អ​ទេ។ ផ្ទុយ​មកវិញ ប្រសិន​បើ​យើង​ទើស​គ្រប់​តែ​រឿង និង​ទើស​ប្រកប​ដោយ​ទោស:​ទៀត​ផង​នោះ វា​បង្ក​ជា​ទុក្ខ​ច្រើន​ដល់​ខ្លួន​យើង។

ផ្លូវ​កណ្តាល គឺ​ត្រូវ​ចេះ​ទើស ប៉ុន្តែ ទើស​ដោយ​មេត្តា ហើយ​ស្វែង​យល់​អំពី​ឫស​គល់​នៃ​បញ្ហា និង​រក​ដំណោះ​ស្រាយ ឬ​ផ្តល់​អនុសាសន៍​ប្រកប​ដោយ​គតិ​បណ្ឌិត៕ នេះ​គឺ​ជា​ទស្សនៈ​លោក ចាន់ សុផល ជា​អ្នក​ស្រាវ​ជ្រាវ និង​វិភាគ​សេដ្ឋកិច្ច