ទារកម្នាក់អាយុ១ឆ្នាំ បានក្លាយជាកូនកម្ពុជាទី៦០០ ដែលត្រូវបានវះកាត់ជំងឺបេះដូងចំហដោយជោគជ័យពីសំណាក់ក្រុមគ្រូពេទ្យនៅឯមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ គិតត្រឹមថ្ងៃនេះ។
ការវះកាត់ដោយជោគជ័យនូវជំងឺបេះដូងចំហលើទារកដ៏ក្មេងខ្ចីម្នាក់នេះ ត្រូវបានប្រកាសឱ្យដឹងនៅថ្ងៃនេះនៅលើទំព័រហ្វេសប៊ុកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលបានទទួលមរណភាពកាលពីខែកញ្ញាឆ្នាំ២០១៨នោះ។
បើខ្លឹមសារនោះ ទារកតូចម្នាក់នោះ មានជំងឺបេះដូងចំហរថតលើ និងក្រោមចូលគ្នា និងមានសរសៃឈាមសួត និងសរសៃឈាមក្រហមបេះដូងតភ្ជាប់គ្នា ប៉ុន្តែ ក្រុមគ្រូពេទ្យឯកទេសកម្ពុជា បានវះកាត់កែតម្រូវដោយជោគជ័យនៅមជ្ឈមណ្ឌលបេះដូងស្ថិតក្នុងបរិវេណនៃមន្ទីរពេទ្យគន្ធបុប្ផាទី១ថ្មី នៅរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត គី សន្ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ក្មេងប្រុសតូចនោះ គឺជាកុមារកម្ពុជាទី៦០០ ដែលត្រូវបានវះកាត់ជំងឺបេះដូងចំហបានជោគជ័យនៅមជ្ឈមណ្ឌលបេះដូងក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
វេជ្ជបណ្ឌិតរូបនេះ បានឱ្យដឹងផងដែរថា កុមារកម្ពុជាដល់ទៅជាង ១,០០០នាក់ ត្រូវបានវះកាត់ជំងឺបេះដូងចំហដោយជោគជ័យពីសំណាក់ក្រុមគ្រូពេទ្យឯកទេសកម្ពុជានៅឯមជ្ឈមណ្ឌលបេះដូងទាំង២ នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
បើលោកវេជ្ជបណ្ឌិត គី សន្ទី កុមារកម្ពុជាប្រហែល ១ម៉ឺននាក់ហើយ ត្រូវបានវះកាត់ជំងឺបេះដូងចំហដោយជោគជ័យចាប់តាំងពីឆ្នាំ២០១២ នៅពេលមន្ទីរពេទ្យសប្បុរសធម៌មួយនេះ បានបើកមជ្ឈមណ្ឌលវះកាត់បេះដូងទី១របស់ខ្លួននៅឯខេត្តសៀមរាប។
ក្រៅពីវះកាត់បេះដូង មន្ទីរពេទ្យគន្ធបុប្ផាក៏ផ្ដល់ការវះកាត់ជំងឺដទៃទៀតសម្រាប់កុមារកម្ពុជាផងដែរ ខណៈមន្ទីរពេទ្យផ្ដល់ការព្យាបាលជំងឺ និងការបង្កើតកូន ដែលរាល់សេវាសុខាភិបាលទាំងអស់ ត្រូវបានផ្ដល់ជូនដោយឥតប្រាក់កម្រៃ។
របាយការណ៍មន្ទីរពេទ្យគន្ធបុប្ផាប្រចាំឆ្នាំ២០១៩ បង្ហាញថា កុមារកម្ពុជា ១,០០១នាក់ ត្រូវបានវះកាត់បេះដូង នៅក្នុងចំណោមកុមារសរុប ២៧,១៧៤នាក់ ដែលទទួលបានការវះកាត់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
របាយការណ៍បង្ហាញឱ្យដឹងទៀតថា កុមារកម្ពុជាដល់ទៅជិត ១៩ម៉ឺននាក់ ដែលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងនោះកុមារកម្ពុជាដល់ទៅ ៣៥,០៥៧នាក់ បានធ្លាក់ខ្លួនឈឺដោយសារជំងឺគ្រុនឈាម។
បើតារបាយការណ៍ដដែល កុមារកម្ពុជាដល់ទៅជាង ១លាន ២ម៉ឺននាក់ទៀត ដែលធ្លាក់ខ្លួនឈឺ បានទទួលការព្យាបាលពីមន្ទីរពេទ្យដោយមិនតម្រូវឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះឡើយ៕