អភិបាលខេត្តព្រៃវែង បានបញ្ចេញប្រតិកម្មទៅនឹងបទចម្រៀងថ្មីមួយបទ ដោយថា បទចម្រៀងថ្មីនេះ ប្រមាថទៅលើប្រជាពលរដ្ឋខេត្តនេះ និងជំរុញឲ្យមានការរើសអើង។
ក្នុងលិខិតផ្ញើទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌កាលពីថ្ងៃទី៣ ខែកក្កដា អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានរៀបរាប់ថា បទចម្រៀងមានចំណងជើងថា «អ្នកព្រៃវែងអាក្រក់ត្រង់ណា?» បានប្រមាថយ៉ាង«ធ្ងន់ធ្ងរ»ទៅលើសេចក្ដីថ្លៃថ្នូរ កិត្តិយស និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងខេត្តនេះ។
អភិបាលខេត្តរូបនេះ ក៏បានចាត់ទុកបទចម្រៀងនេះថា បង្កឲ្យមានការរើសអើង និងចោទប្រកាន់គ្មានមូលដ្ឋានទៅលើប្រជាពលរដ្ឋខេត្តព្រៃវែងផងដែរ។
លោក ជា សុមេធី បានស្នើទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ អ្នកស្រី ភឿង សកុណា ចាត់វិធានការតាមច្បាប់ទៅលើផលិតកម្មដែលបានផលិតបទចម្រៀងនេះ និងទាមទារឲ្យលុបចោលបទចម្រៀងនេះចេញពីបណ្ដាញផ្សព្វផ្សាយសង្គមផងដែរ។
ឃ្លីបវីដេអូពិសេសមួយមានរយៈពេលជិត ៣នាទី ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក Morodok Media កាលពីថ្ងៃទី៣ ខែកក្កដា។
វីដេអូនោះ បានបង្ហាញពីការសម្ដែងរបស់តួអង្គកម្លោះម្នាក់ និងឪពុកម្ដាយរបស់ពួកគេ បានចូលទៅស្ដីដណ្ដឹងនារីម្នាក់ពីម្ដាយរបស់នាង ប៉ុន្តែ ត្រូវម្ដាយរបស់នាងបដិសេធចំពោះសំណើស្ដីដណ្ដឹងនេះ បន្ទាប់ពីដឹងថា យុវជនរូបនោះ និងក្រុមគ្រួសាររបស់ពួកគេ ជាប្រជាពលរដ្ឋមកពីខេត្តព្រៃវែង។
សំណេរលើទំព័រហ្វេសប៊ុក រៀបរាប់ថា បទចម្រៀងនេះ ត្រូវបាននិពន្ធទំនុកច្រៀង និងច្រៀងដោយតារាចម្រៀង លោក សយ រតនា ហើយស្ថិតក្រោមការគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម៕