វិស័យ​ទេសចរណ៍​​ពិភព​លោក​​ខា​ត​លុយ​រយ​​ពាន់​លាន​​ព្រោះ​​វីរុស​កូរ៉ូណា


ហ្សកដង់
ប្រទេស​ហ្សក់ដង់​ត្រៀម​បើក​ឡើង​វិញ​នូវ​សេវា​ទេសចរណ៍​ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​វិស័យ​សេដ្ឋកិច្ច​ប្រទេស។ រូបថត៖ UNWTO

​អន្តរ​​ជាតិ | ជ័យ ច័ន្ទមុន្នី | 08 Sep 2020 | 0 Comments |

របាយការណ៍​មួយ​បង្ហាញ​ថា ពិភព​លោក​បាន​ខាត​បង់​ប្រាក់​ដល់​ទៅ​ជាង ៣០០​ពាន់​លាន​ដុល្លារ​នៅ​ពាក់​ដំបូង​នៃ​ឆ្នាំ​​នេះ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ដែល​នាំ​ទៅ​រក​ការ​បាត់​ការងារ​ជាច្រើន​លាន​កន្លែង។

វីរុស​កូរ៉ូណា បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង​អ៊ូហាន ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​២០១៩ ហើយ​វា​បាន​ឆ្លង​រីក​រាល​ដាល​ដល់​ប្រទេស​នានា​ជុំ​វិញ​ពិភព​លោក​ ដោយ​មាន​មនុស្ស​ដល់​ទៅជិត ២៧​លាន​ករណី​ហើយ​នៅ​ទូទាំង​ពិភព​លោក ក្នុង​នោះ​បាន​សម្លាប់​មនុស្ស​​ដល់​ទៅ ៩​សែន​នាក់​ហើយ​។

ការ​ផ្ទុះ​ឡើង និង​ការឆ្លង​រីក​រាល​ដាល​នៃ​វីរុស​នេះ បាន​បង្ខំ​ឲ្យ​បណ្ដា​ប្រទេស​នានា​បិទ​ព្រំដែន សណ្ឋាគារ​ផ្អាក​អាជីវកម្ម និង​បិទ​ជើង​ហោះ​ហើរ​អន្តរជាតិ​ជាដើម។

​ក្នុង​របាយការណ៍របស់​ចេញ​កាល​ពី​​ខែ​សីហា​កន្លង​មក​នេះ​ អង្គការ​សហ​ប្រជាជាតិ(UN) បាន​លើក​ឡើងថា ការ​ផ្ទុះ​ឡើង និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា បាន​បង្ក​ឲ្យ​ទេសចរអន្តរជាតិ​ធ្លាក់​ចុះ​ដល់​ទៅ ៥៦​ភាគរយ​នៅ​ទូទាំង​ពិភព​លោក ដែលនាំ​ឱ្យ​វិស័យ​មួយ​នេះ ខាត​បង់​ប្រាក់​ចំណូល​ដល់​ទៅ ៣២០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល ៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​នេះ។

អង្គការ​សហ​ប្រជាជាតិ​ បាន​និយាយ​ទៀត​ថា ការ​ខាត​បង់​នៃ​វិស័យ​ទេសចរណ៍​នេះ មាន​ទំហំ​ធំ​ជាង​ការ​ខាត​បង់​នៃ​វិស័យ​នេះ​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​សកល​ឆ្នាំ​២០០៩ ដល់​ទៅជាង ៣​ដង​ឯនោះ។

បើ​តាម​អង្គការ​សហ​ប្រជាជាតិ រដ្ឋាភិបាល​បណ្ដា​ប្រទេស​នានា​ កំពុង​តែ​ព្យាយាម​កែ​សម្រួល​ការ​ខាត​បង់​ប្រាក់​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍ ដែល​ចាំបាច់​សម្រាប់​យក​ទៅ​ជួយ​ដល់​សេវាកម្ម​សាធារណៈ រួម​មាន​កិច្ចគាំពារ​សង្គម និង​បរិស្ថាន និង​ផែនការ​ទូទាត់​បំណុល​ផង​ដែរ។

អង្គការ​ពិភព​លោក​មួយ​នេះ ព្យាករ​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ទូទាំង​ពិភព​លោក អាច​នឹង​ធ្លាក់​ចុះ​ដល់​ចន្លោះ​ពី ៥៨ ទៅ ៧៨​ភាគរយ​ឯនោះ​នៅ​ក្នុង​ឆ្នាំ​នេះ​ទាំង​មូល ដែល​មាន​ន័យ​ថា ការ​ចំណាយ​លើ​វិស័យ​ទេសចរណ៍​នឹង​ចុះ​ពី​ចំនួន ១.៥​ទ្រីលាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ មក​នៅត្រឹម ៣១០​ពាន់​លាន​ដុល្លារ ទៅ ៥៧០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ។

អង្គការ​ UN បាន​វាយ​តម្លៃ​ថា ការ​ខាត​បង់​នេះ នឹង​ធ្វើ​ឲ្យ​​ការងារ​ដល់​ទៅ​ជាង ១០០​លាន​កន្លែង​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ស្ថិត​ក្នុង​ហានិភ័យ ដែល​ការងារ​ជាច្រើន​នៅ​ក្នុង​វិស័យ​នេះ ស្ថិត​ក្នុង​ចំណោម​សហគ្រាស​​ខ្នាត​មីក្រូ ធុន​តូច និង​មធ្យម ដែល​ស្រូប​យក​កម្លាំង​ពលកម្ម​ស្ត្រី និង​មនុស្ស​ក្មេង​ជាមួយ​ចំណែក​ដ៏​ធំ៕