ធនាគារ​ពិភព​លោក​ផ្ដល់​​កម្ចី​១០០​លាន​ដុល្លារ​ដល់​កម្ពុជា​កែ​លម្អ​ផ្លូវ​ថ្នល់


ជ្រូក
ជ្រូក​ជាច្រើន​ក្បាល​ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​ធំៗ​ពី​បណ្ដា​ខេត្ត​នានា​ស្ថិត​នៅ​ភាគ​ខាង​ពាយព្យ​​ប្រទេស​កម្ពុជា ចូល​មក​រាជ​ធានី​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (មេគង្គ ដេលី)

សេដ្ឋកិច្ច | ជ័យ ច័ន្ទឧត្ដម | 19 Jul 2020 | 0 Comments |

ធនាគារ​ពិភព​លោក បាន​សម្រេច​ទម្លាក់​កម្ចី​ទំហំ ១០០​លាន​ដុល្លារដល់​ប្រទេស​កម្ពុជា សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវ​គមនាគមន៍​របស់​ប្រទេស​នេះ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​សម្រួល​ដល់​ការ​ស្វែង​រក​សេវា​សំខាន់ៗ​របស់​ប្រជា​ពលរដ្ឋ។

ការ​សម្រេច​ទម្លាក់​កម្ចី​ទំហំ ១០០​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ។

ធនាគារ​ពិភព​លោក បាន​និយាយ​ថា គម្រោង​កែលម្អ​ការ​តភ្ជាប់​ផ្លូវ​ថ្នល់​កម្ពុជា នឹង​ជួយ​សម្រួល​ដល់​សហគមន៍​ជន​បទ​ស្វែង​រក​សេវា​សំខាន់ៗ ដូចជា មណ្ឌល​សុខភាព មន្ទីរ​ពេទ្យ​បង្អែក សាលារៀន និង​ទីផ្សារ ជាដើម តាមរយៈ​ការ​កែ​លម្អ​ផ្លូវ​ថ្នល់​ស៊ាំ​នឹង​​អាកាស​ធាតុ។

ស្ថាប័ន​ផ្ដល់​កម្ចី​អន្តរជាតិ​មួយ​នេះ និយាយ​ទៀត​ថា តាម​រយៈ​ការ​កែលម្អ​ផ្លូវ​ថ្នល់​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​តម្លៃ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន និង​ហានិភ័យ​កើត​ចេញ​ពី​ការ​រំខាន​ដោយ​ផ្លូវ​ថ្នល់​ផង​ដែរ ដោយ​ជួយ​សម្រួល​ដល់​សង្វាក់​ផ្គត់​ផ្គង់​ផ្នែក​កសិកម្ម និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

បើ​តាម​ធនាគារ​ពិភព​លោក កម្ពុជា​មាន​ផ្លូវ​ថ្នល់​នៅ​តាម​តំបន​់ជន​បទ​ដល់​ទៅ​​ជាង ៧៥​ភាគរយ ប៉ុន្តែ ផ្លូវ​ថ្នល់​តែ ៥​ភាគរយ​ប៉ុណ្ណោះ ត្រូវ​បាន​​ក្រាល​ទៅ​ដោយ​កៅស៊ូ​រឹង​មាំ​ល្អ ខណៈ​បម្រែ​បម្រួល​អាកាស​ធាតុ ភ្លៀង​ធ្លាក់ និង​ទឹក​ជំនន់ បាន​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ទៅ​ដល់​ការ​ត​ភ្ជាប់​ផ្លូវ​គមនាគមន៍​ក្នុង​ប្រទេស​នេះ។

នាយក​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា អ្នកស្រី អ៊ឹងហ្គូណា ដូប្រាចា បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ទម្ាក់​កម្ចី​ទំហំ ១០០​លាន​ដុល្លារ​ដល់​កម្ពុជា​នេះ បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ស្ថាប័ន​កម្ចី​អន្តរជាតិ​មួយ​នេះ បន្ត​គាំ​ទ្រ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រទេសកម្ពុជា។

អ្នកស្រី អ៊ឹងហ្គូណា ដូប្រាចា និយាយ​បន្ត​ថា​៖ «ការ​ទទួល​បាន​សេវា​សុខាភិបាល អគារ​សិក្សា និង​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ទីផ្សារ ជាពិសេស​អំឡុង​រដូវ​វស្សា បាន​បង្ក​ជា​ឧបសគ្គ​យ៉ាង​ធំ​សម្រាប់​ពលរដ្ឋ​កម្ពុជា​នៅ​តាម​ជន​បទ»

ធនាគារ​ពិភព​លោក បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ដល់​ទៅ​ជាង ២៦​ភាគរយ​ ប្រឈម​មុខ​នឹង​ការ​កាត់​ផ្ដាច់​​ផ្លូវ​ភ្ជាប់​ទៅ​កាន់​សេវា​សុខាភិបាល និង​សាលារៀន​នៅ​ក្នុង​រដូវ​ទឹក​ជំនន់ ហើយ​ពលរដ្ឋ​ខ្ទង់ ១៨​ភាគរយ​ទៀត នឹង​ត្រូវ​ចំណាយ​ពេល​ ៣០​នាទី​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទោ​កាន់​មន្ទីរ​ពេទ្យ សូម្បី​តែ​នៅ​ក្នុង​ស្ថានភាព​«ស្លាប់​រស់»។

កម្ពុជា​ជំពាក់​បំណុល​ធនាគារ​ពិភព​លោក​ដល់​ទៅ​ជាង ១,៣៤៦​​លាន​ដុល្លារ​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក ហើយ​មាន​ទំហំ​ស្មើ​នឹង ១០.៦៥​ភាគរយ នៃ​ទំហំ​បំណុល​សរុប​ជាង ១២​ពាន់​លាន​ដុល្លារ ដែល​កម្ពុជា​ជំពាក់​បរទេស៕