ការសិក្សាមួយ បាននិយាយថា កម្មការិនីកាត់ដេរ នឹងត្រូវលក់ដីធ្លីផ្ទះសម្បែងរបស់ពួកគេ កាត់បន្ថយរបបអាហារ ឬអាចជាប់បំណុលកាន់តែច្រើនថែមទៀត បន្ទាប់ពីពួកគេពុំអាចសងបំណុលដែលពួកគេខ្ចីពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ក្រោយពីរោងចក្រដែលពួកគេធ្វើបានផ្អាកដំណើរការផលិតកម្មដោយសារតែវិបត្តិបណ្ដាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណា។
លទ្ធផលនៃការសិក្សានេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍មួយមានចំណងជើងថា«ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ដែលបានមកពីការស្ទង់មតិទៅលើកម្មករកម្មការិនីសរុប ១៦២នាក់នៅតាមបណ្ដារោងចក្រចំនួន ២នៅរាជធានីភ្នំពេញ និង ១កន្លែងទៀតស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។
របាយការណ៍ស្ទង់មតិនេះ ត្រូវបានធ្វើឡើងដោយអង្គការការពារសិទ្ធិមនុស្សលីកាដូ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) និងសម្ព័ន្ធសហជីពកម្ពុជា (CATU) នៅចន្លោះខែមីនាដល់ខែឧសភាកន្លងមកនេះ ដែលភាគច្រើននៃអ្នកឆ្លើយតបដល់ទៅ ១៥៨នាក់ សុទ្ធតែជាកម្មការិនី។
លទ្ធផលនៃការស្ទង់មតិ បានរកឃើញថា កម្មករកម្មការនីស្ទើរតែទាំងអស់ សុទ្ធតែជាប់ជំពាក់បំណុលដែលពួកគេបានខ្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនយ៉ាងតិចមួយនៅក្នុងប្រទេសកម្ពុជា លើកលែងតែកម្មករកម្មការិនី ៤នាក់ ដែលឆ្លើយថា មិនជំពាក់បំណុលនោះឡើយ។
ការសិក្សានេះក៏បានរកឃើញផងដែរថា កម្មករកម្មការិនីភាគច្រើនដល់ទៅ ៦៥ភាគរយ ឬស្មើនឹង ១០៦នាក់ក្នុងចំណោមកម្មករកម្មការនី ១៥៨នាក់ ដែលជំពាក់បំណុលខ្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ សុទ្ធតែជំពាក់កម្ចីខ្នាតតូច។
ការសិក្សានេះ ក៏បានរកឃើញផងដែរថា កម្មករកម្មការិនីដល់ទៅ ៧៩ភាគរយនៃកម្មករកម្មការិនីជំពាក់បំណុលកម្ចីខ្នាតតូចរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុទ្ធតែតម្កល់ប្លង់កម្មសិទ្ធិដីធ្លីផ្ទះសម្បែង ធ្វើជាទ្រព្យបញ្ចាំ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់ បាននិយាយកាលពីថ្ងៃអង្គារថា កម្មករកម្មការិនីជាច្រើន បានជាប់ជំពាក់បំណុល ក៏ព្រោះតែពួកគេយកលុយទៅផ្គត់ផ្គង់ជីវភាពរស់នៅ ដែលលោកថា «ជាចំណុចគួរឲ្យព្រួយបារម្ភ»។
«ការធ្លាក់ខ្លួនកាន់តែជ្រៅនៃការជាប់ជំពាក់បំណុល គឺធ្វើឲ្យអ្នកដែលរងផលប៉ះពាល់នៃវីរុសខូវីដ១៩ កាន់តែជួបផលលំបាកបន្ថែមទៀត» លោក ឃុន ថារ៉ូ និយាយបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញកាលពីថ្ងៃអង្គារកន្លងមកនេះ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បាននិយាយថា កម្មករកម្មការិនីក្នុងវិស័យកាត់ដេរ បានប្រឹងប្រែងធ្វើការដើម្បីយកប្រាក់ឈ្នួលមួយផ្គត់ផ្គង់អាហារបរិភោគសម្រាប់សមាជិកក្រុមគ្រួសាររបស់ពួកគេ ខណៈពួកគេស្ទើរតែមិនអាចចិញ្ចឹមខ្លួនឯងបានផងនាពេលសព្វថ្ងៃនេះនៅចំពោះមុខវិបត្តិសុខភាពសកល។
«ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុល ឬកិច្ចគាំពារផ្នែកសង្គមទេ ខ្ញុំព្រួយបារម្ភថា បញ្ហាទាំងនេះនឹងឲ្យពួកគគាត់ជួបការលំបាកកាន់តែខ្លាំងឡើងៗ» អ្នកស្រី យ៉ាង សុភ័ណ្ឌ និយាយបែបនេះក្នុងសេចក្ដីប្រកាសព័ត៌មានរួមផងដែរ។
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល និងសហជីព បានអះអាងថា ការសិក្សានេះ មិនតំណាងឲ្យកម្មករកម្មការិនីក្នុងវិស័យកាត់ដេរទាំងមូលនោះឡើយ ប៉ុន្តែ ថា វាឆ្លុះបញ្ចាំងឲ្យឃើញពីបទពិសោធន៍នៃមនុស្ស ១៦២នាក់ ដែលត្រូវបានជ្រើសរើសមកធ្វើការសិក្សា។
ក្រុមសង្គមស៊ីវិល បានទៅគ្រប់ភាគីទាំងអស់ ឲ្យជួយសម្រាលបន្ទុកបំណុលសម្រាប់កម្មករកម្មការិនី ហើយពង្រីកកម្មវិធីគាំពារប្រជាពលរដ្ឋឲ្យបានគ្រប់វិស័យ ដូចជាផ្អាកជាបណ្ដោះអាសន្ននូវការបង់សងប្រាក់កម្ចី និងការប្រាក់ និងប្រគល់ប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីផ្ទះសម្បែងដល់ពលរដ្ឋវិញ។
ភ្ជាប់ជាមួយសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមអង្គការសង្គមស៊ីវិល បង្ហាញថា ក្រុមកម្មករកម្មការិនីក្នុងវិស័យកាត់ដេរ ស្ថិតនៅក្នុងចំណោមអ្នកខ្ចីឥណទានខ្នាតតូចសរុបជាង ២លាន ៦នាក់នាក់នៅទូទាំងប្រទេសកម្ពុជា ដែលជំពាក់ឥណទានសរុបដល់ទៅជាង ១ម៉ឺនលានដុល្លារនៅត្រឹមចុងឆ្នាំ២០១៩កន្លងមកនេះ។ តួលេខនេះ បង្ហាញថា ទំហំកម្ចីឥណទានខ្នាតតូចនៅកម្ពុជា មានចំនួនយ៉ាងតិច ៣,៨០៤ដុល្លារអាមេរិក ជាចំនួនច្រើនជាងគេ បើធៀបនឹងទំហំកម្ចីឥណទានខ្នាតនៅបណ្ដាប្រទេសផ្សេងទៀត៕