បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមទាំងអស់ រួមទាំងកម្ពុជាផង ប្រសិនបើគ្មាននយោបាយទឹកច្បាស់លាស់ទេ ១០ឆ្នាំក្រោយ ប្រហែលកាន់តែជួបប្រទះការលំបាកកាន់តែខ្លាំងឡើង។
សង្ឃឹមមេទឹក ក្បាលមេទឹកសុទ្ធតែត្រូវរាំងដោយទំនប់វ៉ារីអគ្គិសនីធំៗជាច្រើន ពីមេគង្គលើតាំងពីដែនដីប្រទេសចិនមក។ សង្ឃឹមមេឃភ្លៀង រដូវមិនទៀងទាត់ ដូចចាស់ខ្មែរលោកថា «កុំកាប់បំពង់រង់ចាំទឹកភ្លៀង»។
ជារួមទៅ បណ្តាប្រទេសមេគង្គក្រោម ពុំអាចរំពឹងមេឃ ហើយក៏មិនអាចរំពឹងមេទឹកទៀតបានឡើយ ព្រោះក្បាលទឹកនៅក្នុងដៃចិន ចង់បើកចងបិទ ស្រេចលើក្បាលម៉ាស៊ីនទំនប់ទឹកចិន។ បញ្ហាពេលនេះ មិនមែនភ័យខ្លាចអត់តំនប់វ៉ាវីអគ្គិសនីទេ តែអត់ទឹកបង្វិលម៉ាស៊ីនវ៉ារីអគ្គិសនីទៅវិញ។
ដោយឡែកកម្ពុជា ក្នុងនយោបាយទឹករបស់ខ្លួន ប្រហែលពាក្យពីរមាត់អាចដោះស្រាយបញ្ហាទឹកបានយូរអង្វែង គឺ «បង្កើតទឹក»។ មិនបង្កើទឹក តែរង់ចាំទឹក មិនទុកទឹក តែផ្អាកការប្រើទឹក បើមួយរដូវ រាំងម្តងមានអី ចុះបើមួយរដូវរាំង ៥ដង បីខែរាំងម្តង តើត្រូវផ្អាកការប្រើទឹក និងហាមកសិករកុំឱ្យធ្វើស្រែគ្រប់តែពេល ឬយ៉ាងណា? ហាមកសិករមិនឱ្យប្រើទឹក ដូចហាមកសិករកុំឱ្យហូបបាយ។
បើមេគង្គរីងស្ងួត ស្រកទឹកនៅតិច នោះទោះជាបណ្តាប្រទេសមេគង្គក្រោមជាខ្លាសេដ្ឋកិច្ច ជាតោសេដ្ឋកិច្ច ជាដំរីសេដ្ឋកិច្ច ជាកូននាគសេដ្ឋកិច្ចក៏ដោយ ក៏សុទ្ធតែត្រូវដាច់ទឹក ក្លាយជាខ្លាឈឺ តោស្គម ដំរីបាក់ភ្លក់ កូននាគកាច់ចង្កូមមិនខាន។
ដោយឡែកចំពោះកម្ពុជា ទឹកកាន់តែតិចនៅមេគង្គ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ផ្ទៃពោះទន្លេសាប ដង្ហើមទឹកតិច រាំងស្ងួតមិនទៀង នោះជីវភាពប្រជាជនរាប់លាននាក់នៅខេត្ត ៥ ជុំវិញទន្លេសាប អាចទាញទម្លាក់ល្បឿនសេដ្ឋកិច្ចកម្ពុជាក្នុងបរិមាណមួយធំ។ ការស្រាវជ្រាវបង្ហាញថា កម្តៅកើន ១ភាគរយ ធ្វើឱ្យបាត់ទិន្នផលកសិកម្ម ១០ភាគរយ។
ប្រសិនបើបងប្អូនមិនយល់ថា អ្វីជានយោបាយបង្កើតទឹក យើងអាចមើលពីមេរៀនប្រវត្តិសាស្ត្រសម័យអង្គរ ប្រព័ន្ធបារាយណ៍ទឹករាប់ពាន់គីឡូម៉ែត្រ ខ្វែងខ្វាត់នៅអតីតរាជធានីចាស់អង្គរនោះហើយ ដែលហៅថា នយោបាយបង្កើតទឹក។
គួរប្តូរពីនយោបាយ «រង់ចាំទឹក» ទៅជានយោបាយ «បង្កើតទឹក»៕