ធនាគារពិភពលោក(World Bank)ប្រកាសពីការអនុម័តយល់ព្រមលើឥណទានដល់ទៅ ៩៣លានដុល្លារអាមេរិកសម្រាប់ប្រទេសកម្ពុជា នៅក្នុងគម្រោងបែងចែកដីធ្លីសម្រាប់សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយចេញនៅថ្ងៃម្សិលមិញនេះ។
ធនាគារពិភពលោក បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានបន្តថា គម្រោងបែងចែកដីធ្លីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនេះ នឹងជួយធ្វើឲ្យមានភាពប្រសើរឡើងនៅក្នុងផ្នែកកម្មសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្នែកកសិកម្ម និងសង្គមសម្រាប់ប្រចាជនក្រីក្រីគ្មានដីធ្លី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។
ធនាគារពិភពលោក និយាយបន្ថែមថា ការធានាបាននូវសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិសម្រាប់ប្រជាពលរដ្ឋតូចតាច និងសហគមន៍ជនបទ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលកម្ពុជា។
នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា អ្នកស្រី អ៊ីនហ្គូណា ដូប្រាចា និយាយថា ការទទួលបានសិទ្ធិកាន់កាប់ដីធ្លី និងការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម មានសារៈសំខាន់សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមតំបន់ជនបទ។
«គម្រោង LASED ជំហាន៣ នេះ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដី និងធានាឱ្យមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់គម្រោងនេះ» អ្នកស្រី អ៊ីនហ្គូណា ដូប្រាចា និយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាន។
ធនាគារពិភពលោក អះអាងថា ខ្លួននឹងពង្រីកការអនុវត្តគម្រោងមួយនេះសម្រាប់ជំហាន៣ បន្ទាប់ពីគម្រោងជំហាន១ និង២ ត្រូវបានអនុវត្តរួចមកហើយនៅក្នុងកម្មវិធីសម្បទានដីសង្គមកិច្ចរបស់ប្រទេសកម្ពុជា។
ធនាគារនេះ និយាយថា គម្រោង LASED ជំហាន៣នេះ នឹងគ្របដណ្ដប់ទៅលើសហគមន៍ចំនួន៧១នៅតាមបណ្ដាខេត្តនានារបស់កម្ពូជា ដោយគម្រោងនេះនឹងជួយកសាងផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច រចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ សាលារៀន មណ្ឌលសុខភាព ជាដើម។
បើតាមសេចក្ដីប្រកាសព័ត៌មាន នៅក្នុងជំហាន១ និងជំហាន២កន្លងមក កម្ពុជាបានបែងចែកដីធ្លីចំនួន ១៧,០០០ហិកតារួចទៅហើយសម្រាប់ប្រជាពលរដ្ឋសាងសង់លំនៅឋាន និងការដាំដុះដំណាំផ្សេងៗ ដែលមានចំនួនជាង ៥,០០០គ្រួសារ ក្នុងនោះពលរដ្ឋជាង ៣,៣៦០គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ហើយគិតចាប់តាំងពីឆ្នាំ២០០៨មក៕