អាមេរិក​​ប្ដេជ្ញា​​ផ្ដល់​ជំនួយ​​៥៦​លាន​ដុល្លារ​​ជួយ​វិស័យសំខាន់ៗ​​​នៅ​​កម្ពុជា​


វិមានសន្តិភាព
វិមានសន្តិភាព​ស្ថិត​នៅ​ក្នុង​បរិវេណ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី។ (មេគង្គ ដេលី)

សេដ្ឋកិច្ច | ជ័យ ច័ន្ទឧត្ដម | 28 Jun 2020 | 0 Comments |

ស្ថានទូត​អាមេរិក​ប្រកាស​ថា រដ្ឋាភិបាល​អាមេរិក បាន​សម្រេច​ថា គ្រោង​ផ្ដល់​ជំនួយ​​ឥត​សំណង​ទំហំ ៥៦​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​​ជួយ​គាំ​ទ្រ​ដល់​​វិស័យ​សំខាន់ៗ​ចំនួន​៤​របស់​ប្រទេស​កម្ពុជា។

សេចក្ដី​សម្រេច​ផ្ដល់​ជំនួយ​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​មួយ​ ក្រោយ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​វិសោធនកម្ម​ស្ដី​ពី​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​កម្ពុជា និង​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ឬ​ជំនួយ​ឥត​សំណង​ទំហំ ៥៦​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា ក្នុង​នោះ​ជំនួយ​ទំហំ ៣៨​លាន​ដុល្លារ នឹង​ត្រូវ​ផ្ដល់​ទៅ​វិស័យ​សុខាភិបាល និង​អប់រំ ហើយ​ជំនួយ​ទំហំ ១៨​លាន​ដុល្លារ​ទៀត នឹង​ត្រូវ​ផ្ដល់​ទៅ​វិស័យ​កសិកម្ម និង​បរិស្ថាន។

អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជិន ប៊ុនស៊ាន ដែល​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ពិសេស បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា កិច្ច​សហ​ប្រតិបត្តិការ​​រវាង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ទ្វេ​ភាគី។

«ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ទ្វេ​ភាគី​នេះ គឺ​ជា​សរសរ​ស្ដម្ភ​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និង​ភាព​ជា​ដៃ​គូ​រវាង​ប្រទេស​ទាំង​ពីរ» សម្ដី​លោក ជិន ប៊ុនស៊ាន ដែល​ត្រូវ​បាន​ស្រង់​ដាក់​បញ្ចូល​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន។

អគ្គរដ្ឋ​ទូ​អាមេរិក លោក Patrick Murphy បាន​អះ​អាង​ថា អាមេរិក​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​សម​ធម៌។

«រដ្ឋាភិបាល​សហរដ្ឋ​​អាមេរិក​ប្ដេជ្ញា​បន្ត​ការ​គាំ​ទ្រ​របស់​ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​មួយ​ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​សមធម៌» សម្ដី​លោក Patrick Murphy ដែល​ត្រូវ​បាន​ដក​ស្រង់​បញ្ចូល​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នោះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ជំនួយ​នេះ​នឹង​គាំ​ទ្រ​ទៅ​ដល់​ការ​រួម​ចំណែក​កាត់​បន្ថយ​អត្រា​មរណៈភាព​មាតា និង​ទារក​អាយុ​ក្រោម ៥​ឆ្នាំ និង​កម្មវិធី​សុខាភិបាល​នានា ដែល​ឈាន​ទៅ​កាត់​បន្ថយ​ជំងឺ​ក្រិន និង​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​របស់​កុមារ និង​ស្ត្រី និង​កាត់​បន្ថយ​អត្រា​អ្នក​ឆ្លង​ជំងឺ​អេដស៍ ជំងឺ​របេង និង​ជំងឺ​គ្រុន​ចាញ់។

សម្រាប់​វិស័យ​អប់រំ​វិញ ជំនួយ​នេះ​នឹង​គាំ​ទ្រ​ការ​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ការ​អាន​របស់​កុមារ កាត់​បន្ថយ​អត្រា​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​បណ្ដុះ​បណ្ដាល​ពលរដ្ឋ​កម្ពុជា​ចូល​ទៅ​ក្នុង​ទីផ្សារ​ពលកម្ម។

ជំនួយ​នេះ​ក៏​នឹង​ជួយ​ទៅ​ដល់​កម្មវិធី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​កម្ពុជា និង​ភាព​ងាយ​រង​គ្រោះ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​បណ្ដាល​មក​ពី​បម្រែ​បម្រួល​អាកាស​ធាតុ។

រដ្ឋាភិបាល​អាមេរិក​បាន​ផ្ដល់​ជំនួយ​ដល់​ទៅ ២៥៣​លាន​ដុល្លារ​មក​ដល់​ប្រទេស​កម្ពុជា​សម្រាប់​គាំ​ទ្រ​វិស័យ​ទាំង​បួន​នេះ​នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​​ចុង​ក្រោយ​នេះ។

គិត​ចាប់​ពី​ខែ​មីនា​​ឆ្នាំ​នេះ រដ្ឋាភិបាល​អាមេរិក​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ទំហំ ១១​លាន​ដុល្លារ​រួច​មក​ហើយ​ដល់​កម្ពុជា​សម្រាប់​គាំ​ទ្រ​ដល់​ការ​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ក្នុង​នោះ​មាន​មួយ​ផ្នែក​សម្រាប់​វិស័យ​សុខាភិបាល និង​មួយ​ផ្នែក​ទៀត​សម្រាប់​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ។

បើ​គិត​ចាប់​ពី​ឆ្នាំ​១៩៩៤​មក អាមេរកិ​បាន​ផ្ដល់​ជំនួយ​ដល់​ទៅ​ជាង ១​ពាន់​លាន​ដុល្លារ​រួច​មក​ហើយ​សម្រាប់​គាំទ្រ​ដល់​កម្មវិធី​​អភិវឌ្ន៍​នានា​ឍ​របស់​ប្រទេស​កម្ពុជា៕