ទីស្នាក់ការ​ថ្មី​​តម្លៃ​ជាង​​​$៣០​លាន​របស់​​បក្ស​កាន់​អំណាច​​​​​​​​សង់​រួច​​ហើយ


អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា
អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ​ហើយ ក្រោយ​ពី​ដំណើរការ​សាង​សង់​អស់​រយៈ​ពេលជាង​ ១​ឆ្នាំ​កន្លះ ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ (ទំព័រ​ហ្វេសប៊ុក CPP)

អចលនទ្រព្យ | ជ័យ ច័ន្ទឧត្ដម | 21 Jun 2020 | 0 Comments |

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​​ប្រជាជន​កម្ពុជា អះអាង​ថា ដំណើរការ​សាងសង់​អគារ​ថ្មី​នៃ​ទីស្ដីការ​គណបក្ស​កាន់​អំណាច បាន​សម្រេច​រួច​រាល់​មួយ​រយ​ភាគ​រយ​ហើយ ហើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នា​ពេល​ខាង​មុខ​នេះ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​មេគង្គ ដេលី នៅ​ថ្ងៃ​នេះ​ថា ពិធី​ប្រគល់-ទទួល​សំណង់​អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​ដំណើរការ​សាង​សង់​​អគារ​ដ៏​ធំ​នេះ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ។

លោក សុខ ឥសាន ប្រាប់​ថា​៖ «ហើយ​ពី​ព្រឹក​មិញ​​ថ្ងៃ​ទី​២១​នេះ មាន​ពិធី​ចុះ​ហត្ថលេខា​​ប្រគល់​-ទទួល​ការដ្ឋាន​​សំណង់​អគារ​ដ៏​ស្កឹម​ស្កៃ​នេះ​ជូន​មក​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​កាន់​កាប់ ហើយ​និង​ប្រើ​ប្រាស់»

ប៉ុន្តែ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន​់អំណាច​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ពិធី​សម្ពោធ​ជា​ផ្លូវការ​សម្រាប់​អគារ​ថ្មី​នេះ មិន​ទាន់​ត្រូវ​បាន​កំណត់​ថា នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ពេល​នោះ​ឡើយ ដោយសារ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ ឬ​ខូវីដ-១៩។

លោក សុខ ឥសាន ប្រាប់៖ «[ការ​ពន្យារ​ពេល​]​សម្ពោធ​ជា​ផ្លូវការ ដោយសារ​​ជំងឺ​ខូវីដ​-១៩ គឺ​យើង​មិន​អាច​ប្រមូល​ផ្ដុំ​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ទេ។ ដូច្នេះ​ហើយ​បាន​ជា​គណបក្ស​ពន្យារ​ពេល»

អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា
អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ ស្ថិត​ក្នុង​ដំណើរការ​សាងសង់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​មក។ (មេគង្គ ដេលី)

បើទោះបី​ពិធី​សម្ពោធ​ជា​ផ្លូវការ​មិនទាន់​ត្រូវ​បាន​កំណត់​ក៏​ដោយ ក៏​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពិធី​សូត្រ​មន្ត​​មួយ​តាម​បែប​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា នឹ​ង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ ដើម្បី​​បញ្ជាក់​ពី​ការ​ចូល​ដំណើរការ​​ការងារ​របស់​គណបក្ស​នៅ​ក្នុង​អគារ​ថ្មី​នេះ។

លោក សុខ ឥសាន បាន​ឲ្យ​ដឹង​ថា ថវិកា​ដល់​ទៅ​ជាង ៣០​លាន ២០​ម៉ឺន​ដុល្លារ ត្រូវ​បាន​ចំណាយ​ទៅ​លើ​ការ​សាង​សង់​អគារ​ថ្មី​របស់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​តុប​តែង និង​បំពាក់​សម្ភារ​គ្រប់​ប្រភេទ​សម្រាប់​បម្រើ​ដល់​តម្រូវការ​ផង​ដែរ ហើយ​លោក​បញ្ជាក់​បន្ថែម​ថា ថវិកា​ទាំង​នោះ បាន​មក​ពី​សមាជិក​របស់​គណបក្ស និង​សប្បុរជន​នានា។

លោក សុខ ឥសាន មាន​ប្រសាសន៍​បន្ថែម​ថា​៖ «តាម​ខ្ញុំ​ក្ដាប់​បាន ចំណាយ​ថវិកា​ជាង ៣០​លាន ២០​ម៉ឺន​ដុល្លារ។ អាហ្នឹង​សរុប​ទាំង​ការ​តុបតែង សម្ភារៈ​សាឡុង​ តុ​កៅអី​សុបរ​ទាំង​អស់​ហើយ។ យើង​ដឹង​ហើយ​ថា អគារ​នេះ​គឺ​ជា​ស្នាក់ការ​កណ្ដាល​របស់​គណបក្ស អ៊ីចឹង​ទេ យើងម​ិន​អាច​ប៉ះ​ពាល់​ដល់​ថវិកា​រដ្ឋ​ទេ​។ អ៊ីចឹង​ជា​ថវិការបស់​គណបក្ស​ ដែល​រួម​មាន​សមាជិក​សមាជិកា​របស់​គណបក្ស និង​សប្បុរជន ដែល​គេ​មាន​សមាន​ចិត្ត​ជាមួយ​គណបក្ស​»

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​រូប​នេះ បាន​រៀបរាប់​បន្ថែម​ក្នុង​តេឡេក្រាម​នៅ​ថ្ងៃ​នេះ​ថា អគារ​ដ៏​ធំ​ស្កឹម​ស្កៃ​នៃ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​សក្ដានុពល និង​ឫទ្ធានុភាព​ជា​អមតៈ​របស់​គណបក្ស ដែល​ត្រូវ​ដឹកនាំ​ប្រទេស​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត។

សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ត្រួត​ពិនិត្យ​អគារ​ថ្មី​នៃ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​កាល​ពី​ថ្ងៃ​ទី​៥ ដើម​ខែ​មិថុនា​នេះ។

អគារ​ថ្មី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សាង​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​ទំហំ ១.៦​ហិកតា ស្ថិត​នៅ​លើ​បរិវេណ​នៃ​ទីស្នាក់ការ​ចាស់​របស់​គណបក្ស ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​រោត្ដម ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។

សម្ដេច​តេជោ ហ៊ុន សែន
សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាញ់​ទឹក​អប់​លើ​ស្លាក​សញ្ញា​គណបក្ស​នៅ​អគារ​ថ្មី​នៃ​ទីស្នាក់ការ​គណបក្ស​​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២០។ (SPM PAGE))

ដំណើរការ​សាង​សង់​អគារ​ថ្មី​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ហើយ​អគារ​ថ្មី​នេះ មាន​ទំហំ ៥​ម៉ឺន​ម៉ែត្រ​ការ៉េ បណ្ដោយ ១៥០​ម៉ែត្រ ទទឹង ៧៤​ម៉ែត្រ និង​កម្ពស់ ៤៨​ម៉ែត្រ ឬ កម្ពស់ ៥​ជាន់។

ទំព័រ​ហ្វេសប៊ុក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា សំណង់​អគារ​​ថ្មី​នៃ​ទីស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ក្រុម​វិស្វកម្ម​តេជោ ហ៊ុន សែន សៀមរាប តំណាង​ដោយ​លោក ខេង សុមេធ។

លោក សុខ ឥសាន បាន​ប្រាប់​ឲ្យ​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​សាង​សង់​អគារ​ថ្មី​ ដើម្បី​ជំនួស​អគារ​ចាស់​ដែល​មាន​លក្ខណៈ​ពុក​ផុយ តូច​ចង្អៀត ដែល​លោក​ថា មិន​មាន​លក្ខណៈ​ជា​ការិយាល័យ​សម្រាប់​បំពេញ​ការងារ​នោះ​ឡើយ ហើយ​លោក​ថា អគារ​ថ្មី​នឹង​អាច​ផ្ទុក​មនុស្ស​បាន​រាប់​ម៉ឺន​នាក់​សម្រាប់​កម្មវិធី​ធំៗ​របស់​គណបក្ស​ដោយ​ផ្ទាល់។

​ទំព័រ​ហ្វេសប៊ុក​សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ដើម​ខែ​មិថុនា​នេះ​ បាន​ឲ្យ​ដឹង​ថា អគារ​ថ្មី​របស់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បែង​ចែក​ជា​សាល​ធំ​សម្រាប់​ការ​ប្រជុំ​មហាជន ដែល​អាចផ្ទុក​អ្នក​ចូលរួម​បាន​ដល់​ទៅ ១​ម៉ឺន​នាក់ សាល​បដិសណ្ឋារកិច្ច​ដែល​អាច​ផ្ទុក​អ្នក​ចូលរួម​បានជាង ៤​ពាន់​នាក់ អាហារដ្ឋាន បន្ទប់​សោទស្សន៍ បន្ទប់​រដ្ឋបាល បន្ទប់​សម្រាប់​ជន​ពិការ បន្ទប់​សម្រាប់​កង​ការពារ បន្ទប់​កាត់​សក់ បន្ទប់​ឃ្លាំង បន្ទប់​ប្រជុំ​គណៈ​ប្រចាំការ ​បន្ទប់​ប្រជុំ​អន្តរជាតិ និង​បន្ទប់​សម្រាក​ផង​ដែរ។

លោក សុខ ឥសាន បាន​ប្រាប់​ថា រចនា​បថ​នៃ​អគារ​ថ្មី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​រចនា​ឡើង​ទៅ​តាម​រចនាបថ ៣​រួម​បញ្ចូល​គ្នា រួម​មាន​រចនា​បថ​ប្រាសាទ​អង្គរវត្ត រចនា​បថ​ប្រាសាទ​បន្ទាយស្រី និង​រចនា​បថ​សម័យ​កណ្ដាល៕