ត្រឹម​តែ​២៤​ម៉ោង​សោះ ថៃ​រក​ឃើញ​មនុស្ស​១២១​នាក់​ទៀត​ឆ្លង​​កូវីដ​១៩​


ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ថៃ
ប្រជាជន​ថៃ​ធ្វើ​ដំណើរ​ដោយ​ពាក់ម៉ាស់នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០។ (បាងកក ប៉ុស្តិ៍)

​អន្តរ​​ជាតិ | ជ័យ ច័ន្ទមុន្នី | 27 Dec 2020 | 0 Comments |

សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា រដ្ឋាភិបាល​ថៃ​​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ១២១​នាក់​បន្ថែម​ទៀត​ឆ្លង​មេរោគ​កូវីដ​១៩ ក្នុង​នោះ​មាន​ ១៨​នាក់​គឺ​ជា​ពលករ​​ចំណាក​ស្រុក ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ទាំង​មូល​មាន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​ដល់​ទៅ ៦,១៤១​ករណី​ហើយ​។

ក្នុង​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​នេះ សារព័ត៌មាន​បាងកក ប៉ុស្តិ៍ បាន​រាយការណ៍​ថា ក្រៅ​ពី​ពលករ ១៨​នាក់ អ្នក​ឆ្លង​ថ្មី ៩៤​នាក់ បាន​ឆ្លង​នៅ​ក្នុង​សហគមន៍ ហើយ​អ្នក​ឆ្លង ៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​ជន​ជាតិ​ថៃ និង​ជន​បរទេស​ជាច្រើន​សញ្ជាតិ ដែល​កំពុង​ស្ថិត​ក្នុង​ចត្តាឡីស័ក។

បើ​សារព័ត៌មាន​ដដែល​នេះ ករណី​ឆ្លង​ថ្មីៗ​នេះ សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​ក្នុង​ខេត្ត​សមុទ្រ​សាខន ហើយ​ករណី​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ ១៤​ខេត្ត និង​រាជ​ធានី​បាងកក​ផង​ដែរ។

បាងកក ប៉ុស្តិ៍ បាន​រាយការណ៍​ទៀត​ថា ករណី​ឆ្លង​ថ្មីៗ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ផ្សារ​បង្គារ​នៅ​ខេត្ត​សមុទ្រសាខន បាន​រីក​រាល​ដាល​ទៅ​ដល់​ខេត្ត​ចំនួន ៣៨​ហើយ​នៅ​ទូទាំង​ប្រទេស​ថៃ ប៉ុន្តែ ករណី​ឆ្លង​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក បាន​ថយ​ចុះ​វិញ។

គិត​ចាប់​តាំង​ពី​ផ្ទុះ​ករណី​ឆ្លង​លើក​ដំបូង​មក ថៃ​បាន​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦,១៤១​នាក់​ហើយ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មនុស្ស ៦០​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ៕