កេរ្តិ៍ឈ្មោះនយោបាយលោក សម រង្ស៊ី ទៅជាយ៉ាងណាក្រោយថ្ងៃ៩ វិច្ឆិកា?


លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន
លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ (Sam In)

មតិ​មហាជន | សាម អ៊ីន | 03 Dec 2019 | 0 Comments |

តើ​លោក សម រង្ស៊ី ចូល​ស្រុក​មិន​បាន​នៅ​ថ្ងៃ​០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដោយសារអ្វី? គាត់​ចូល​ស្រុក​មិន​បាន​មិន​មែន​ដោយសារ៖

  • ក្រុមហ៊ុន Thai Airways មិន​មែន​ឱ្យ​គាត់​ឡើង​យន្ត​ហោះ​ពី​ទីក្រុង​ប៉ារីស
  • លោក​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឃាត់​គាត់​មិន​ឱ្យ​ចូល​ទឹក​ដី​ថៃ
  • លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គំរាម​គាត់​ជាមួយ​ទាហាន​រាប់​ពាន់​នាក់​នៅ​តាម​ព្រំ​ដែន​ថៃទេ។

លោក សម រង្ស៊ី ចូល​ស្រុក​មិន​បាន​ដោយសារ​ខ្លួន​គាត់​ផ្ទាល់ ដោយសារ​គាត់​មិន​ហ៊ាន​ជម្នះ​នឹង​សេចក្តី​ភ័យ​ខ្លាច​ដែល​កើត​ឡើង​ក្នុងខ្លួន​គាត់ ជាពិសេស​ប្រឈម​នឹង​ការ​ជាប់​គុក។ គាត់​មិន​ហ៊ាន​ជម្នះ ដោយសារ​ទឹក​ចិត្ត​លះ​បង់​ដើម្បី​ជាតិ​ និង​ប្រជាធិបតេយ្យ​នៅ​មានកម្រិត​ទាប​នៅ​ឡើយ។

ចុះ​ហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី មាន​អ្នក​គាំទ្រ​ច្រើន?

ពីព្រោះ​គាត់​ធ្លាប់​មាន​ស្នាដៃ​ល្អ កាល​គាត់​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ (១៩៩៣-១៩៩៤) ដែល​កាល​នោះ​គាត់​ធ្លាប់​ជួយ​អាជីវករ​នៅ​ផ្សារ​អូឡាំពិក​ដែល​តវ៉ា​ប្រឆាំង​នឹង​អ្នក​វិនិយោគទុន។

គាត់​ធ្លាប់​ដឹកនាំ​បាតុកម្ម​ជា​ច្រើន ទាមទារ​សេរី​ភាព​ឱ្យ​កម្មករ និង​កែ​ប្រែ​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ជាពិសេស គាត់​ធ្លាប់​រង​គ្រោះ​ពី​ការវាយ​ប្រហារ​គប់​គ្រាប់​បែក​ដៃ​នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ គាត់​ក៏​មិន​ធ្លាប់​មាន​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​រាជ​រដ្ឋាភិបាល​ផង​ដែរ។

តើ​លោក សម រង្ស៊ី ជា​បិតា​ប្រជា​ធិបតេយ្យ?

គាត់​ធ្លាប់​ត្រួស​ត្រាយ​ផ្លូវ​ប្រជាធិបតេយ្យ​កាល​ពី​កំឡុង​ឆ្នាំ​១៩៩០ ក៏​ប៉ុន្តែ គាត់​បាន​វិវត្ត​ខ្លួន​ពី​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ប្រជាធិបតេយ្យ មកជា​អ្នក​រា​រាំង​ផ្លូវ​ប្រជាធិបតេយ្យ ដោយសារ​តែ​ចង់​រក្សា​កេរ្តិ៍​ឈ្មោះ​ជា​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បី​ល្បាញ ហើយ​លាប​ពណ៌​អ្នក​ដទៃ​ដែល​ចង់ដើរ​តួនាទី​ប្រឆាំង​ជំនួស​គាត់ ឬ​ប្រឆាំង​នឹង​គាត់។

តើ​កេរ្តិ៍​ឈ្មោះ​លោក សម រង្ស៊ី នឹង​សាប​រលាប​ដែរ​ឬ​ទេ ក្រោយ​ថ្ងៃ៩ វិច្ឆិកា?

បើ​ទោះ​បី​គាត់​ភូត​កុហក​អ្នក​គាំទ្រ​គាត់​ជា​ច្រើន​ដង​អំពី​ការ​វិល​ចូល​ស្រុក ក៏​កេរ្តិ៍​ឈ្មោះ​នយោបាយ​របស់​គាត់​មិន​សាប​រលាប​ភ្លាមៗទេ។ មាន​ហេតុ​ផល​ពីរ​សំខាន់​ដែល​ជួយ​គាត់៖ ទី១ ដោយសារ​កេរ្តិ៍​ឈ្មោះ​ដ៏​ល្អ​របស់​គាត់​ពី​មុន​មក និង​ទី​២ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​បន្ត​លេង​ល្បែង​នយោបាយ​ជាមួយ​គាត់ ដើម្បី​ថែ​រក្សា​កម្លាំង​មហាជន​ដែល​ប្រឆាំង​នឹង​គណ​បក្ស​ប្រជាជន កុំ​ឱ្យ​ងាកទាំង​គំហុក​ទៅ​គាំទ្រ​អ្នក​ដឹកនាំ ឬ​ក្រុម​ដឹកនាំ​ថ្មី​ណា​មួយ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ពិបាក​ប៉ាន់​ស្មាន​ និងទប់ទល់៕