រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីដំណក់ប្រេងលើកដំបូងដែលត្រូវបានទាញយកចេញពីឈូងសមុទ្រកម្ពុជានៅថ្ងៃនេះ ដែលការប្រកាសនេះកើតឡើងចំខួប ២២ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃទាំងស្រុងនៅកម្ពុជា។
ដំណក់ប្រេងដំបូងរបស់កម្ពុជានេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសឱ្យដឹងជាសាធារណៈនៅព្រឹកថ្ងៃអង្គារនេះក្នុងសន្និសីទផ្សាយបន្តផ្ទាល់ពីគេហដ្ឋានរបស់លោកនៅឯទីក្រុងតាខ្មៅ។
ប្រមុខរដ្ឋាភិបាលរូបនេះ បានប្រកាសថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានេះ ត្រូវបានទាញយកចេញពីប្លុក A ស្ថិតនៅក្នុងដែនសមុទ្រកម្ពុជា ដោយមិនស្ថិតនៅក្នុងតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសថៃនោះឡើយ។
ការប្រកាសនេះបានកើតឡើងយឺតជាង ៦ខែពីអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានការប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថា ការទាញយកបានដំណក់ប្រេងដំបូងចេញពីប្លុក A របស់កម្ពុជានេះ នឹងកើតឡើងនៅពាក់កណ្ដាលឆ្នាំ២០២០នេះ។
ការប្រកាសពីការទាញយកតំណក់ប្រេងលើកដំបូងរបស់កម្ពុជានេះ បានកើតឡើងជាង ៨ឆ្នាំក្រោយពីកម្ពុជាបានខកខានមិនអាចសម្រេចបានការទាញយកតំណក់ប្រេងលើកដំបូងរបស់ខ្លួន ដែលត្រូវបានគ្រោងទាញយកនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២។
សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់លើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃនេះថា កិច្ចព្រមព្រៀងប្រេងកាតដំបូង ត្រូវបានធ្វើឡើងនៅឆ្នាំ២០០២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសម្ព័ន្ធក្រុមហ៊ុន Chevron របស់អាមេរិក ក្រុមហ៊ុន LG Caltex Oil Corporation របស់កូរ៉េខាងត្បូង ក្រុមហ៊ុន Moeco Cambodia Co., Ltd របស់ជប៉ុន និងក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុនប្រេងអាមេរិក Chevron បានប្រកាសពីការរកឃើញប្រេងនៅឆ្នាំ២០១០ ហើយបានកសាងគម្រោងផែនការអភិវឌ្ឍន៍ និងអាជីវកម្មពីរាជរដ្ឋាភិបាល ប៉ុន្តែ គម្រោងនេះបានបរាជ័យទៅវិញ បន្ទាប់ពីមិនឈានដល់កិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុនទាំងនេះ បានសម្រេចដកខ្លួនជាបន្តបន្ទាប់ពីគម្រោងអាជីវកម្មអណ្ដូងប្រេងមួយនេះ។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ អណ្ដូងប្រេងប្លុក A របស់កម្ពុជា ត្រូវបានវិនិយោគទាំងស្រុងដោយក្រុមហ៊ុន Apsara ដែលជាក្រុមហ៊ុនចំណុះឱ្យក្រុមហ៊ុន KrisEnergy Co., Ltd របស់ប្រទេសសិង្ហបុរី។ ក្រុមហ៊ុនមួយនេះ រំពឹងថានឹងទាញយកប្រេងបានដល់ទៅ ៧,៥០០បារ៉ែលក្នុងមួយថ្ងៃ។
តំបន់ប្រេងប្លុក A របស់កម្ពុជា មានទំហំដល់ទៅ ៣,០៨៣គីឡូម៉ែត្រការ៉េ ស្ថិតក្នុងដែនសមុទ្រកម្ពុជានៃឈូងសមុទ្រថៃ និងមានចម្ងាយ ១៦៣គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តព្រះសីហនុ៕