សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា លោក និងភរិយាលោក ព្រមទាំងមនុស្សផ្សេងទៀតដែលនៅជុំវិញខ្លួនលោក មិនបានឆ្លងវីរុសកូរ៉ូណានោះឡើយ ក្រោយការធ្វើតេស្តលើកទី៤រួចមកនោះ។
សម្ដេចតេជោ ហ៊ុន សែន បានរក្សាខ្លួនលោកនៅដាច់ដោយឡែកអស់រយៈពេល ១៤ថ្ងៃរួចមកហើយចាប់តាំងពីថ្ងៃទី៤ ខែវិច្ឆិកា បន្ទាប់ពីកម្ពុជាបានដំណឹងថា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធ័រ ស៊ីចាតូ ដែលបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកានោះ ត្រូវបានធ្វើតេស្ត និងរកឃើញឆ្លងវីរុសកូរ៉ូណា នៅពេលធ្វើដំណើរទៅដល់ប្រទេសថៃនៅក្នុងថ្ងៃដដែលនោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានធ្វើចត្តាឡីស័កខ្លួនឯង និងបានធ្វើតេស្តសុខភាពចំនួន ៣លើករួចមកហើយ ហើយក៏ត្រូវធ្វើតេស្តលើកទី៤នៅថ្ងៃនេះផងដែរ។
ទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់ខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថា អវិជ្ជមានខូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ»។
មេដឹកនាំកម្ពុជារូបនេះ បានរៀបរាប់បន្តថា លោកនឹងចាប់ផ្ដើមចេញទៅធ្វើការ ឬក៏ហាត់ប្រាណនៅខាងក្រៅឡើងវិញដូចមុនថ្ងៃទី៤ ខែវិច្ឆិកា ប៉ុន្តែ លោកបញ្ជាក់ថា លោកនៅមិនទាន់ជួបកូនៗ និងចៅៗរបស់លោកនៅឡើយទេ ដោយត្រូវរក្សាខ្លួននៅដាច់ដោយឡែកមួយរយៈទៀត។
សម្ដេចតេជោ ហ៊ុន សែន រៀបរាប់លើទំព័រហ្វេសប៊ុកបន្តថា៖ «តែខ្ញុំនៅតែមិនទាន់ឱ្យកូន និងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថា ខ្ញុំគ្មានមេរោគចម្លងទៅកូន និងចៅរបស់ខ្ញុំនោះឡើយ»។
ទន្ទឹមគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា នឹងត្រូបិទបញ្ចប់ បន្ទាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនេះ ក្រោយពីលទ្ធផលតេស្តលើមនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ នឹងត្រូវប្រកាសឱ្យដឹង៕