អាជ្ញាធរ​តម្រូវ​ឲ្យ​កែ​អាជីវកម្ម​កម្សាន្ត​​ជា​ភោជនីយដ្ឋាន​មុន​​បើក​ឡើង​វិញ


ហាង​ខារ៉ាអូខេ​នៅ​រាជ​ធានី​ភ្នំពេញ
ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ស្ថិត​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ពេល​យប់​កាល​ពី​ឆ្នាំ​២០១៩​កន្លង​មក។ (មេគង្គ ដេលី)

ធុរកិច្ច | ជ័យ ច័ន្ទមុន្នី | 07 Jul 2020 | 0 Comments |

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេចអនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ហាង​ខារ៉ាអូខេ ឬ​ខេធីវី​(KTV)​ទាំង​​អស់ បើក​ដំណើរ​ការ​ឡើង​វិញ​ដោយ​ប្រែ​ក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​វិញ។

អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​រៀបរាប់​ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​ថា សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បែប​នេះ គឺ​ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​ឡើង​វិញ។

ប៉ុន្តែ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ដាក់​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​អស់ ត្រូវ​ស្នើ​សុំ​លិខិត​អនុញ្ញាត​អាជីវកម្ម និង​គោរព​តាម​វិនធាការ​បង្ការ​សុវត្ថិភាព​ដែល​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ទេសចរណ៍។

សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី បាន​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដោយ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ បើក​ដំណើរ​ការ​ឡើង​វិញ​ដោយ​កែប្រែ​ទៅ​ជា​ភោជនីយដ្ឋាន។

ក្លឹម​កម្សាន្ត ខារ៉ាអូខេ​(KTV) បៀរហ្គាឌិន និង​អាជីវកម្ម​កម្សាន្ត​ដទៃ​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​បញ្ជា​ឲ្យ​ផ្អាក​អាជីវកម្ម​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ ខែមីនា​កន្លង​មក​នេះ នៅ​ពេល​ដែល​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា បាន​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ១៤១​នាក់​ហើយ​បាន​​ឆ្លង​វីរុស​កូរ៉ូណា​ចាប់​តាំង​ពី​ចុង​ខែ​មករា​ដើម​ឆ្នាំ​នេះ ក្នុង​នោះ​អ្នក​ជំងឺ ១៣១​នាក់ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​ថា បាន​ជាសះ​ស្បើយ ហើយ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ៕