សម្ដេច​តេជោ​​ព្រមាន​បញ្ឈប់​ពី​ការងារ​​​មន្ត្រី​ណា​គេច​​​​មិន​ចាក់​វ៉ាក់សាំង​


សម្ដេចតេជោ ហ៊ុន សែន ចាក់​វ៉ាក់សាំង
សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ទទួល​វ៉ាក់សាំង​​ AstraZeneca ដូសដំបូង​កាល​ពី​ថ្ងៃ​ទី០៤ ខែ​មីនា ឆ្នាំ​២០២១ នៅឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ (ទំព័រ​ហ្វេសប៊ុក​សម្ដេច​តេជោ)

​កម្ពុជា | ជ័យ ច័ន្ទខេមរា | 07 Apr 2021 | 0 Comments |

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ថា មន្ត្រី​រាជការ ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន នឹង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ការងារ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​រក​ឃើញ​ថា បាន​ខក​ខាន​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ដោយ​ចេតនា។

សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​បញ្ជូន​តាម​ប្រព័ន្ធ​បញ្ជូន​សារ​តេឡេក្រាម​នៅ​យប់​ថ្ងៃ​ទី​៦ ខែ​មេសា​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​នៅ​ផ្ទះ យើង​សុខ​ចិត្ត​ឱ្យ​ពួកគាត់​ចាក​ចេញ​ពី​ការងារ ហើយ​យើង​ជ្រើស​រើស​មន្ត្រី​ថ្មី​ចូល​ធ្វើការ​ជំនួស​វិញ ព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ»។

ក្នុង​សារ​ជា​សំឡេង​​ជាង​ ១៨​នាទី​នោះ សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ ក៏​បាន​បញ្ជា​ទៅ​គ្រប់​ក្រសួង និងស្ថាប័ន​រដ្ឋ​ទាំង​អស់ ឱ្យ​ត្រួត​ពិនិត្យ​មើល​ឈ្មោះ​មន្ត្រី​រាជការ និង​កង​ទ័ព​ ដែល​ខក​ខាន​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​នេះ។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា ករណី​ខក​ខាន​ចាក់​វ៉ាក់សាំង​ មន្ត្រី​រាជការ​ស៊ីវិល និង​កង​ទ័ព​ ត្រូវ​មាន​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នីមួយៗ​នៅ​ទូទាំង​ប្រទេស។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា៖ «អ៊ីចឹង ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​ឱ្យ​ក្រសួង​ស្ថាប័ន​បូក​សរុប​មន្ត្រី​របស់​ខ្លួន​មាន​ប៉ុន្មាន​ភាគរយ​ដែល​បាន​ចាក់​រួច​ហើយ ហើយ​នៅ​សល់​ប៉ុន្មាន។ អ្នក​ដែល​មិន​បាន​ចាក់​បន្ទាប់​ពី​ដូស​ទី​ពីរ​នៃ​អ្នក​បាន​ទទួល​ហើយ អ្នក​មិន​ទាន់​បាន​ចាក់ គប្បី​កុំ​ឱ្យ​ចូល​មក​ក្រសួង​ដែល​នាំ​ជំងឺ​ចូល​មក​កាន់​ក្រសួង​របស់​ខ្លួន ទុក​ឱ្យ​គាត់​ដេក​នៅ​ផ្ទះ​រង់ចាំ​ចាក់​វ៉ាក់សាំង​ហើយ​សិន​ចាំ​ចូល​មក​ក៏​មិន​ទាន់​យឺត​ពេល»

សម្ដេច​តេជោ ហ៊ុន សែន លើក​ឡើង​ថា មន្ត្រី​រាជការ ឬ​កង​កម្លាំង​ប្រដាប់​ដែល​ខក​ខាន​មិន​បាន​ចាក់​វ៉ាក់សាំង មិន​ត្រឹម​តែ​បំផ្លាញ​ខ្លួន​ឯង​ទេ ប៉ុន្តែ ក៏​បាន​ចូលរួម​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ស្ថាប័ន​ដែល​ពួកគេ​កំពុង​ធ្វើការ​ផង​ដែរ។

បើ​តាម​ក្រសួង​សុខាភិបាល មនុស្ស​ដល់​ទៅ ៤១៨ ៥៦៩​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស​ បាន​ទទួល​វ៉ាក់សាំង​​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​រួម​មាន​ទាំង​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​អង់គ្លេស​កូវីស៊ែល​ផងដែរ៕