រដ្ឋាភិបាលអះអាងថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រហែល ៣០ភាគរយ ហើយរំពឹងថា គម្រោងសាងសង់អាកាសដ្ឋានថ្មីនេះ នឹងបញ្ចប់ទៅតាមការគ្រោងទុកនៅក្នុងរយៈពេល ៣ឆ្នាំក្រោយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរទៅត្រួតពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្លែង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឬមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានបង្ហាញថា ដំណើរការសាងសង់អាកាសយានដ្ឋានថ្មីនេះ ដែលមួយផ្នែកស្ថិតក្នុងភូមិសាស្ត្រនៃស្រុកបាទី ខេត្តតាកែវ ហើយមួយផ្នែកធំទៀតស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាលនោះ សម្រេចបានប្រមាណ ៣០ភាគរយហើយ។
បើតាមគម្រោង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គ្រោងសាងសង់លើផ្ទៃដីទំហំដល់ទៅ ២,៦០០ហិកតា ហើយគ្រោងចំណាយទឹកប្រាក់ដល់ទៅ ១,៥០០លានដុល្លារឯនោះ។
មេដឹកនាំកម្ពុជារូបនេះ បានរៀបរាប់ថា ទឹកប្រាក់វិនិយោគដល់ទៅ ១,១០០លានដុល្លារនៅក្នុងចំណោមទឹកប្រាក់វិនិយោគសរុបនេះ បានមកពីកម្ចីធនាគារបរទេស ហើយទឹកប្រាក់ដល់ទៅ ២៨០លានដុល្លារទៀត ត្រូវបានវិនិយោគដោយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា(CAIC) ដែលជាបុត្រសម្ព័ន្ធនៃសម្ព័ន្ធក្រុមហ៊ុនរបស់លោកឧកញ៉ា ពុង ឃាវសែ ខណៈដើមទុនចុះបញ្ជីមានទំហំ ១២០លានដុល្លារ។
គម្រោងសាងសង់ព្រលានយន្តហោះតម្លៃរាប់ពាន់លានដុល្លារនេះ ត្រូវបានរំពឹងថា នឹងបញ្ចប់នូវដំណាក់កាលទី១នៅឆ្នាំ២០២៣ ដំណាក់កាលទី២នៅឆ្នាំ២០៣០ ដែលអនុញ្ញាតឲ្យព្រលានយន្តហោះទទួលអ្នកដំណើរចំនួន ១៣លាននាក់ ហើយដំណាក់កាលចុងក្រោយនៅឆ្នាំ២០៥០ ដែលត្រូវបានរំពឹងថា នឹងទទួលបានអ្នកដំណើរដល់ទៅ ៣០លាននាក់ក្នុងមួយឆ្នាំនាពេលនោះ៕