សមាគម​​CMA​អះ​អាង​ថា ​អ្នក​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ​ថយ​ចុះ


CMA President
លោក គា បូរណា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​(CMA) ថ្លែង​ក្នុង​កម្មវិធី​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​សមាគម នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (CMA Page)

ធុរកិច្ច | ជ័យ ច័ន្ទមុន្នី | 13 Aug 2020 | 0 Comments |

សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា អះ​អាង​ថា ចំនួន​អ្នក​ស្នើ​សុំ​រៀប​ចំ​ឥណទាន​ឡើង​វិញ បាន​ធ្លាក់​ចុះ​ជា​លំដាប់​ចាប់​តាំង​ពី​ខែ​មិថុនា​មក ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ថម​ថយ​នៃ​ផល​ប៉ះ​ពាល់​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​រាត​ត្បាត។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា អះ​អាង​ថា អតិថិជន​ដល់​ទៅ ២៦៦,៨១៨​នាក់ បាន​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ​គិត​ចាប់​ពី​ខែ​មីនា​រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​សីហា​នេះ។

សមាគម បាន​បញ្ជាក់​ថា សំណើ​រៀបចំ​ឥណទាន​ឡើង​វិញ​ពី​អតិថិជន ២៥​០,៩០៥​នាក់​ប៉ុណ្ណោះ ឬ​ស្មើ​នឹង ៩០​ភាគរយ​នៃ​សំណើ​សរុប ត្រូវ​បាន​អនុម័ត​យល់​ព្រម​ពី​បណ្ដា​សមាជិក​នៃ​សមាគម ដែល​មាន​ស្មើ​នឹង​កម្ចី ១,២៣២​លាន​ដុល្លារ។

សមាគម​បាន​អះ​អាង​ថា ចំនួន​អ្នក​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ បាន​ធ្លាក់​ចុះ​ជា​លំដាប់ ប៉ុន្តែ សមាគម​ពុំ​បាន​បង្ហាញ​ថា តើ​បាន​ធ្លាក់​ចុះ​ប៉ុន្មាន​ភាគរយ​នោះ​ឡើយ។

ទោះជាយ៉ាងណា សមាគម​បញ្ជាក់​ថា និន្នាការ​ធ្លាក់​ចុះ​បែប​នេះ បង្ហាញ​ពី​ការ​ថម​ថយ​នៃ​ផល​ប៉ះ​ពាល់​មក​លើ​សេដ្ឋកិច្ច​បណ្ដាល​មក​ពី​ការ​រីក​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា៕