លោក បៃឌិន ឈ្នះ​ការបោះ​ឆ្នោត​​​​ទៅ​ដឹកនាំ​សេតវិមាន​ជំនួស​លោក ត្រាំ


លោក ចូ បៃឌិន និង​លោក ដូណល់ ត្រាំ
បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក ចូ បៃឌិន (ឆ្វេង) និង​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ លោក ដូណល់ ត្រាំ ក្នុង​ដំណើរ​ស្វែងរក​ការ​គាំ​ទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក។

​អន្តរ​​ជាតិ | ជ័យ ច័ន្ទមុន្នី | 07 Nov 2020 | 0 Comments |

ទីបំផុត​ទៅ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ចេញ​មក​ហើយ ដោយ​បង្ហាញ​ថា លោក ចូ បៃឌិន បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ទទួល​ជ័យ​ជម្នះ​ឈាន​ទៅ​ដឹកនាំ​សេតវិមាន​នា​ពេល​ខាង​មុខ​ដ៏​ឆាប់ៗ​នេះ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក បង្ហាញ​ថា លោក បៃឌិន ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ ២៨៤​សន្លឹក ខណៈ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ លោក ដូណល់ ត្រាំ ទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ត្រឹម​តែ ២១៤សន្លឹក​ប៉ុណ្ណោះ។

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក តម្រូវ​ឱ្យ​បេក្ខជន​ម្នាក់​ឈ្នះ​ការ​គាំ​ទ្រ​យ៉ាង​តិច ២៧០​សំឡេង​ពី​ក្នុង​ចំណោម​ប្រតិភូ​មក​សរុប ៥៣៨​រូប ពី​បណ្ដា​រដ្ឋ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​បោះ​ឆ្នោត​តំណាង​ឱ្យ​ពលរដ្ឋ​អាមេរិក​សម្រាប់​ជ្រើស​រើស​បុគ្គល​ម្នាក់​មក​ធ្វើ​ជា​ប្រធានាធិបតី​ដឹកនាំ​ប្រទេស។

លទ្ធផល​បោះ​ឆ្នោត​ខាង​លើ បង្ហាញ​ថា លោក បៃឌិន បាន​ឈ្នះ​ការបោះឆ្នោត​នេះ​ទៅ​ហើយ ហើយ​បើ​តាម​ប្រពៃណី​នៃ​ការ​ផ្ទេរ​អំណាច​នៅ​អាមេរិក លោក​ បៃដិន នឹង​ត្រូវ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​ ឆ្នាំ​ក្រោយ​នេះ បន្ត​ដឹកនាំ​សហរដ្ឋ​អាមេរិក​ជំនួស​លោក ត្រាំ៕