ភ្ញៀវ​​អន្តរជាតិចូល​ទស្សនា​តំបន់​អង្គរ​បន្ត​ធ្លាក់​ចុះ​​៧​ខែ​ជាប់​​គ្នា​ក្នុង​​ឆ្នាំ​នេះ


អង្គរ​ថ្ងៃ​រៀប​លិច
បុរស​ម្នាក់​ឈរ​ជជែក​ជាមួយ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ខាង​ក្រៅ​បរិវេណ​នៃ​ប្រាសាទ​អង្គរ​វត្ត​នា​ពេល​ថ្ងៃ​រៀបលិច​កាល​ពីថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។ (ជ័យ ច័ន្ទឧត្ដម)

សេដ្ឋកិច្ច | ជ័យ ច័ន្ទមុន្នី | 16 Aug 2020 | 0 Comments |

របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​តំបន់​អង្គរ បន្ត​ធ្លាក់​ចុះ​រយៈ​ពេល ៧​ខែ​ជាប់​ៗគ្នា ដែលនាំ​ឲ្យ​ចំណូល​រក​បាន​ពី​ការ​លក់​សំបុត្រ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​នេះ ធ្លាក់​ចុះ​យ៉ាង​គំហុក។

​របាយការណ៍​ប្រចាំ​ខែ​កក្កដា​ចេញ​ដោយ​គ្រឹះស្ថាន​អង្គរ បង្ហាញថា ភ្ញៀវ​ទេសចរ​បរទេស​​ចំនួន ១,៧៩០​នាក់​ប៉ុណ្ណោះ បាន​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​​ប្រវត្តិសាស្ត្រ​អង្គរ ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ ដោយ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៩៨.៨០​ភាគរយ បើធៀប​នឹង​តួលេខ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។

របាយការណ៍​ដែល​ចេញ​ដោយ​គ្រឹះស្ថាន​អង្គរ​ ដែល​​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋ​គ្រប់​គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ បាន​បង្ហាញ​ថា កម្ពុជា​រក​ចំណូល​បាន​ត្រឹម ៧៨,៤៤០​ដុល្លារ​ប៉ុណ្ណោះ​ពី​ការ​លក់​សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ខែ​កក្កដា​នោះ ដែល​បង្ហាញ​នូវ​ការ​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ៩៨.៨១​ភាគរយ​ឯណោះ បើធៀប​នឹង​ចំណូល​ខែ​កក្កដា​ឆ្នាំ​មុន។

សម្រាប់​រយៈ​ពេល ៧​ខែ​វិញ របាយការណ៍​បង្ហាញ​ថា តំបន់​អង្គរ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ត្រឹម​តែ ៣៨៩,៦៣០​នាក់​ប៉ុណ្ណោះ​នៅ​ចាប់​ពី​ដើម​ខែ​មករា​ដល់​ចុង​ខែ​កក្កដា​កន្លង​មក​នេះ ដោយ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ៧២​ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៩។

តាម​រយៈ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បែប​នេះ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​បាន​ត្រឹម​តែ​ជាង ១៨​លាន​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៧០.៨៤​ភាគរយ បើធៀប​នឹង​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ទៅ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​រយៈ​ពេល ៧​ខែ​ឆ្នាំ​មុន។

ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា បាន​ធ្លាក់​ចុះ​រហូត​ដល់​សណ្ឋាគារ​ជាច្រើន​បិទ​ទ្វារ និង​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ បន្ទាប់​ពី​វិស័យ​នេះ​ទទួល​រង​​ផល​ប៉ះ​ពាល់​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​នេះ។ វិបត្តិ​សុខភាព​ជា​សកល​នេះ បាន​បង្ខំ​ឱ្យ​ប្រទេស​នានា រួម​ទាំង​កម្ពុជា​ផង​ បិទ​ជើង​ហោះហើរ​ជាច្រើន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា៕