ភ្ញៀវ​បរទេស​ចូល​​កម្ពុជា​​ធ្លាក់​ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​​៨​ខែ​ឆ្នាំ​នេះ


ទេសចរ​បរទេស
ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​ផ្ទះ​ចំណាស់​របស់​កម្ពុជា​កាល​ពី​​​ឆ្នាំ​មុន។ (មេគង្គ ដេលី)

ធុរកិច្ច | ជ័យ ច័ន្ទមុន្នី | 17 Oct 2020 | 0 Comments |

តួលេខ​រដ្ឋាភិបាល​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​ដល់​​កម្រិតទាប​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ជិត ៣​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង និង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ឆ្នាំ​នេះ។

តួលេខ​ចេញ​ដោយ​ក្រសួង​ទេសចរណ៍​នៅ​ខែ​នេះ បង្ហាញថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ជាង ១​លាន ២២​​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ចន្លោះ​ខែមករា ដល់​ខែ​សីហា​កន្លង​មក​នេះ ដោយ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៧១.៩​ភាគរយ​ឯណោះ ដែល​នេះ​គឺ​ជា​ការ​ធ្លាក់​ចុះ​មិន​ធ្លាប់​កើត​មាន​នោះ​ឡើយ​នៅ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក។

តួលេខ​ដដែល​ បង្ហាញ​ទៀត​ថា កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​បរទេស​សរុបជាង ១​លាន ១៥​ម៉ឺន​នាក់​នៅ​ត្រី​មាស​ទី​១ មុន​នឹង​ធ្លាក់​ចុះ​ដល់​ចំនួន​ត្រឹម​តែ ២៧,៦០០​នាក់​ប៉ុណ្ណោះ​នៅ​ត្រី​មាស​ទី​២ ហើយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​ត្រឹម​តែ ៤៣,៧១៧​ប៉ុណ្ណោះ​នៅ​ក្នុង​ត្រី​មាស​ទី​៣។

របាយការណ៍​ក្រសួង​ទេសចរណ៍​ បញ្ជាក់​ថា ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា​តាម​ជើង​ហោះ​ហើរ មាន​ចំនួន​ជាង ៧០​ម៉ឺន​នាក់ ហើយ​អ្នក​ដំណើរ​បរទេស​ចូល​មក​កម្ពុជា​តាម​ផ្លូវ​គោក និង​ផ្លូវ​ទឹក មាន​ចំនួន​ជាង ៥២​ម៉ឺន​នាក់​ក្នុង​រយៈ​ពេល ៨​ខែ​ក្នុង​ឆ្នាំ​នេះ។

បើ​តាម​តួលេខ​ដដែល​នេះ ភ្ញៀវ​ជន​ជាតិ​ចិន​ចូល​មក​កម្ពុជា​អំឡុង​ពេល​៨​ខែ​កន្លង​មក​នេះ មាន​ចំនួន​ជិត ៣០​ម៉ឺន ឬ​ស្មើ​នឹង ២៨​ភាគរយ​នៃ​ភ្ញៀវ​សរុប ប៉ុន្តែ បាន​ធ្លាក់​ចុះ​ដល់​ទៅ ៨២.៨​ភាគរយ​ឯណោះ បើធៀប​នឹង​តួលេខ​ភ្ញៀវ​ជន​ជាតិ​ចិន​ចូល​មក​កម្ពុជា​ក្នុង​រយៈ​ពេល ៨​ខែ​ឆ្នាំ​២០១៩​កន្លង​មក។

កាល​ពី​ឆ្នាំ​២០១៩​កន្លង​មក កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា​សរុប​ដល​់​ទៅ​ជាង ៦​លាន ៦១​ម៉ឺ​នាក់ ដោយ​បាន​កើន​ឡើង ៦.៦​ភាគរយ បើធៀប​នឹង​មួយ​ឆ្នាំ​មុន៕