ហុងគ្រី​កំពុង​ប្រឈម​នឹង​​​វិបត្តិ​សុខភាព​សាធារណៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង


ប្រទេស​ហុងគ្រី
ក្រុម​វេជ្ជសាស្ត្រ​​ហុងគ្រី​ផ្ដល់​ការ​ព្យាបាល និង​ថែ​ទាំ​ដល់​អ្នក​ជំងឺ​ខូវីដ​១៩​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ ដែល​មិន​ត្រូវ​បាន​បញ្ជាក់​ទីតាំង និង​ពេល​វេលា​ជាក់​លាក់​នោះ​ឡើយ។ (សារព័ត៌មាន​ហុងគ្រី​)

​អន្តរ​​ជាតិ | ជ័យ ច័ន្ទឧត្ដម | 10 Nov 2020 | 0 Comments |

វា​មាន​រយៈ​ពេល ១​សប្ដាហ៍​ហើយ​ដែល​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ក្រោយ​ដំណើរ​ទស្សនកិច្ច​នៃ​ប្រតិភូ​ហុងគ្រី​នៅ​កម្ពុជា ហើយ​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពីពួក​គាត់​បាន​ពាក់​ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​នោះ។

ប៉ុន្តែ ប្រហែល​ជា​មិន​មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​​ច្រើន​ទេ​បាន​ដឹង​​​អំពី​ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ហុងគ្រី​ផ្ទាល់នោះ។

ស្ថិត​នៅ​តំបន់​អឺរ៉ុប​ប៉ែក​ខាង​កើត ហុងគ្រី​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​មនុស្ស​ជាច្រើន​នាក់​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នេះ ហើយ​ក៏​មាន​មនុស្ស​ជាច្រើន​នាក់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ផង​ដែរ។

  • ករណី​ឆ្លង

 តួលេខ​ចេញ​ជា​ប្រចាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ បង្ហាញ​ថា ហុងគ្រី​រក​ឃើញ​មនុស្ស​ដល់​ទៅ​ ១១៨,៩១៨​នាក់​ហើយ ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មីនា​មក ហើយ​គ្រាន់​តែ​រយៈ​ពេល ២៤​ម៉ោង​ថ្ងៃ​ម្សិល​មិញ​នេះ ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ថ្មី​សរុប​ដល់​ទៅ ៥,១៦២​នាក់។

  • ករណី​ស្លាប់

គិត​ចាប់​តាំង​ពី​ប្រទេស​នេះ​រក​ឃើញ​ករណី​ដំបូង​កាល​ពី​ខែ​មីនា​មក មនុស្ស​ដល់​ទៅ ២,៤៩៣​នាក់​ហើយ បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ ដែល​ភាគ​ច្រើន​គឺ​ជា​មនុស្ស​ចាស់។ គ្រាន់​តែ​រយៈ​ពេល ២៤​ម៉ោង​ថ្ងៃ​ម្សិល​មិញ​នេះ ប្រទេស​ហុងគ្រី​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ ៥៥​នាក់​ឯណោះ។

  • ករណី​ជា​សះ​ស្បើយ

នៅ​ក្នុង​ចំណោម​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​សរុប​ជាង ១១​ម៉ឺន​នាក់​នោះ ក្រុម​វេជ្ជសាស្ត្រ​ហុងគ្រី​បាន​ព្យាបាល​អ្នក​ជំងឺ ២៧,៥៨៥​នាក់​ ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​គិត​រហូត​មក​ដល់​ថ្ងៃ​ម្សិល​មិញ​នេះ។

  • ចត្តាឡីស័ក

 ទន្ទឹម​គ្នា​នេះ មនុស្ស​ដល់​ទៅ ៣៦,០៧៨​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ដំណាក់​កាល​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ត្រុវ​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង​នៅ​តាម​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន​នៅ​ទូទាំង​ប្រទេស​ហុងគ្រី។

  • បិទ​ប្រទេស

 ជាមួយ​កំណើន​នៃ​ករណី​ឆ្លង​វីរុស​កាន់​តែ​ច្រើន រដ្ឋាភិបាល​ហុងគ្រី​បាន​សម្រេច​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ជា​ថ្មី​ម្ដង​ទៀត​​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ដោយ​រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ហាម​ឃាត់​ជា​ច្រើន ដូចជា៖

  1. ហាម​ឃាត់​កា​ជួប​ជុំ​មនុស្ស​លើស​ពី ១០​នាក់
  2. បិទ​ភោជនីយដ្ឋាន សារមន្ទីរ និង​រោង​ភាពយន្ត
  3. ហាម​ហាង​ទំនិញ និង​សេវាកម្ម​ដទៃ​ទៀត​បើក​ដំណើរការ​ចន្លោះ​​ម៉ោង ៨​យប់​ ដល់​ម៉ោង ៥​ព្រឹក
  4. ហាម​សណ្ឋាគារ​​ទទួល​ភ្ញៀវ​ទេសចរ លើក​លែង​តែ​អ្នក​ដំណើរ​ជា​អ្នក​ជំនួញ
  5. សាកលវិទ្យាល័យ និង​សាលា​រៀន​កម្រិត​អនុ​វិទ្យាល័យ ត្រូវ​រៀបចំ​ការ​បង្រៀន​តាម​អនឡាញ​ឡើង​វិញ ប៉ុន្តែ សាលារៀន​សម្រាប់​កុមារ​អាយុ​ក្រោម ១៤​ឆ្នាំ នៅ​តែ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ដដែល
  6. បុគ្គលិក​មន្ទីរ​ពេទ្យ គ្រូ​បង្រៀន និង​បុគ្គលិក​សុខាភិបាល តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ជា​ប្រចាំ​នៅ​រៀង​រាល់ ១​សប្ដាហ៍​ម្ដង។