ប្រមុខ​ការទូត​​ហុងគ្រី​ជា​សះ​ស្បើយ​ពី​ជំងឺ​​១៧​ថ្ងៃ​ក្រោយ​ឆ្លង​វីរុស​កូរ៉ូណា


រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា និង​រដ្ឋ​មន្ត្រី​ការបរទេស​ហុងគ្រី
រដ្ឋ​មន្ត្រី​កាបរទេស​ហុងគ្រី លោក ភីធ័រ ស៊ីចាតូ និង​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (MFAIC)

​កម្ពុជា | ជ័យ ច័ន្ទខេមរា | 20 Nov 2020 | 0 Comments |

ប្រមុខ​ការទូត​ហុងគ្រី លោក ភីធ័រ ស៊ីចាតូ បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​ហើយ ១៧​ថ្ងៃ​ក្រោយ​ពី​លោក​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នេះ​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា។

លោក ភីធ័រ ស៊ីចាតូ រដ្ឋ​មន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី បាន​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ១​ថ្ងៃ​នៅ​កម្ពុជា​ាក​ាល​ពី​ថ្ងៃ​ទី​៣ ខែ​វច្ឆិកា​នេះ ហើយ​បាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ថៃ ជា​ទី​ដែល​លោក​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក លោក ស៊ីចាតូ បាន​សរសេរ​រៀបរាប់​ជា​ភាាសា​ហុងគ្រី ដែល​មាន​ន័យ​ថា លោក​ធ្វើ​តស្ត​រួច​រាល់​ហើយ ហើយ​លទ្ធផល​តេស្ត​បង្ហាញ​សញ្ញា​អវិជ្ជមាននៅ​ថ្ងៃ​ម្សិ​លមិញ​នេះ។

លោក ស៊ីចាតូ សរសេរ​ថា​៖ «ចប់​រួច​រាល់​ហើយ។ បន្ទាប់​ពី​ថ្ងៃ​អង្គារ​មក លទ្ធផល​តេស្ត​របស់​ខ្ញុំ​សម្រាប់​ថ្ងៃ​នេះ គឺ​អវិជ្ជមាន។ ខ្ញុំ​បាន​ឆ្លង​កាត់​ការ​ព្យាបាល​ជំងឺ​រយៈ​ពេល ១៧​ថ្ងៃ​ដ៏​យូរ​បំផុត និង​ពិបាក​បំផុត ប៉ុន្តែ ទីបំផុត ខ្ញុំ​អាច​ជួប​ស៊ីលវី និង​កូនៗ​ឡើង​វិញ​ហើយ»

ប្រមុខ​ការទូត​ហុងគ្រី​រូប​នេះ បាន​ថ្លែង​អំណរ​គុណ​ទៅ​ដល់​មិត្ត​ភក្តិ​ដែល​បាន​លើក​ទឹក​ចិត្ត និង​តែង​សួរ​សុខ​ទុក្ខ​លោក​អំឡុង​ពេល ១៧​ថ្ងៃ​កន្លង​មក​នេះ ហើយ​លោក​ក៏​ជូន​ពរ​ដល់​​មនុស្ស​គ្រប់​រូប​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​នេះ​ផង​ដែរ។

លោក ស៊ីចាតូ បាន​ជា​សះ​ស្បើយ​ឡើង​វិញ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញ បន្ទាប់​ពី​លទ្ធផល​តេស្ត​លើក​ទី​៤​ទៅ​លើ​មនុស្ស​ជាង ១,៤០០​នាក់ បង្ហាញ​ថា គ្មាន​នរណា​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា​បន្ថែម​ទៀត​ទេ ក្រៅ​ពី​មនុស្ស ៤​នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ​ ក្រោយ​ពី​បាន​ពាក់​ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ហុងគ្រី​នៅ​កម្ពុជា៕