ប្រាក់ សុខុន៖​ស៊ីចាតូ តែងការពារ​កម្ពុជា​​នៅ​ចំពោះ​មុខ​​សហភាព​​អឺរ៉ុប


លោក ប្រាក់ សុខុន និង​លោក ភីធ័រ ស៊ីចាតូ
លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ ថ្លែង​រួម​គ្នា​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (MFAIC)

​កម្ពុជា | ជ័យ ច័ន្ទឧត្ដម | 12 Nov 2020 | 0 Comments |

ប្រមុខ​ការទូត​កម្ពុជា បាន​លើក​ឡើង​ថា ការ​ផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​វីរុស​កូរ៉ូណានៅ​កម្ពុជា​ក្រោយ​ដំណើរទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ហុងគ្រី​នៅ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​នោះ នឹង​មិន​ធ្វើ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ។

រដ្ឋ​មន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី លោក ភីធ័រ ស៊ីចាតូ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​​រយៈ​ពេល ១​ថ្ងៃ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ហើយ​បន្ទាប់មក​លោក​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ ជា​ទីដែល​លោក​ត្រូវ​បាន​គេ​តេស្ត​សុខភាព និង​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា។

ក្រោយ​ទទួល​ដំណឹង​បែប​នេះ កម្ពុជា​បាន​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​សរុប​ដល់​ទៅ​ជាង ១,៦០០​នាក់​ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ ហើយ​ក៏​បាន​រក​ឃើញ​មន្ត្រី​កម្ពុជា ៣​រូប និង​អគ្គរដ្ឋ​ទូត​ហុងគ្រី​ប្រចាំ​កម្ពុជា បាន​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​បាន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​ប្រមុខ​ការទូត​ហុងគ្រី។

រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​មន្ត្រី​ជាច្រើន​ទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​លោក ភីធ័រ ស៊ីចាតូ ត្រូវ​បាន​តម្រូវ​ឱ្យ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​កាន់​តែ​ធំ​ឡើង។

ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​មន្ត្រី​របស់​លោក​នៅ​ថ្ងៃ​នេះ លោក ប្រាក់​ សុខុន បាន​អះ​អាង​ថា រូប​លោក​ផ្ទាល់ និង​មនុស្ស​ពាក់​ព័ន្ធ​ដទៃ​ទៀត​នៅ​ក្នុង​គ្រួសារ​របស់​លោក មាន​សុខភាព​ធម្មតា អនុវត្ត​តាម​វិធានការ​ផ្នែក​វេជ្ជសាស្ត្រ និង​បាន​ធ្វើ​តេស្ត​សុខភាព​ ២​ដង​រួច​មក​ហើយ ប៉ុន្តែ លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ទាំង​អស់ សុទ្ធ​តែ​អវិជ្ជមាន ដែល​មាន​ន័យ​ថា មិន​មាន​ឆ្លង​ជំងឺ​ខូវីដ​១៩​នោះ​ទេ។

ក្នុង​លិខិត​ដដែល​នោះ ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ លើក​ឡើង​ថា ប្រមុខ​ការទូត​ហុងគ្រី គឺ​ជាអ្នក​ជំទាស់​ទៅ​នឹង​​សហភាព​អឺរ៉ុប ដែល​បាន​សម្រេច​ដក​ហូត​ចំណែក ២០ភាគរយ​នៃ​​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​ដែល​សហគមន៍​មួយ​នេះ​ផ្ដល់​មក​កម្ពុជា។

លោក ប្រាក់ សុខុន រៀបរាប់​ថា​៖ «យ៉ាងណា​ក៏ដោយ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា លោក ស៊ីចាតូ ជា​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ ដែល​តែង​ហ៊ាន​ចេញ​មុខ​ការពារ​យុត្តិធម៌​ចំពោះ​កម្ពុជា»

លោក សុខុន បន្ត​ថា​៖ «គាត់​គឺ​ជា​អ្នក​ក្រោក​ឡើង​បន្លឺ​សំឡេង​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។ គាត់​គឺ​ជា​អ្នក​តវ៉ា​ប្រឆាំង​នឹងការ​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​ក្រោម​ក្រប​ខ័ណ្ឌ EBA ២០​ភាគរយ​ពី​កម្ពុជា»

សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ហូត​ចំណែក ២០​ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា​កន្លង​មក​នេះ បន្ទាប់​ពី​ពួកគេ​រក​ឃើញ​ថា កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​តិច​តួច​ប៉ុណ្ណោះ​ផ្នែក​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

បន្ទាប់​ពី​ផ្ទុះ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណាន​ៅ​កម្ពុជា​ក្រោយ​ដំណើរ​ទស្សនកិច្ច​នោះ​មក ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន អះ​អាង​ថា លោក​បាន​ជជែក​ជាមួយ​លោក ស៊ីចាតូ តាម​ទូរស័ព្ទ ហើយ​ថា ប្រមុខ​ការទូត​ហុងគ្រី បាន​សម្ដែង​ការ​សុំ​ទោស​ចំពោះ​បញ្ហា​លំបាក​។

លោក សុខុន បាន​ឱ្យ​ដឹង​ទៀត​ថា​ លោក ស៊ីចាតូ ប្រាប​់លោក​ថា សមាជិក​ក្រុម​គ្រួសារ និង​គណៈ​ប្រតិភូ​ហុងគ្រី សុទ្ធ​តែ​ត្រូវ​បាន​តេស្ត​ និង​រក​មិន​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ឡើយ លើក​លែង​រូប​លោក​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក សុខុន អះ​អាង​ថា ការ​ផ្ទុះ​ឡើង​នៃ​ការ​ចម្លង​ជំងឺ​ខូវីដ​១៩​ក្រោយ​ដំណើរទស្សនកិច្ច​នេះ មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទំនាក់​ទំនង​ទ្វេ​ភាគី​កម្ពុជា-ហុងគ្រី​ឡើយ ហើយ​ថា ដំណើរទស្សនកិច្ច​របស់​ប្រតិភូ​ហុងគ្រី នាំ​មក​នូវ​«ផល​ចំណេញ»​ដល់​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ៕