ខណៈទិវាបង្គន់អនាម័យពិភពលោកនោះត្រូវបានប្រារព្ធជាសកលនោះ មនុស្សជាតិនៅជុំវិញពិភពលោកមិនតិចរយលាននាក់នោះទេ កំពុងរស់នៅដោយពុំមានបង្គន់អនាម័យប្រើប្រាស់នោះឡើយ។
របាយការណ៍អង្គការសុខភាពពិភពលោកចេញកាលនៅពាក់កណ្ដាលឆ្នាំនេះ បានឱ្យដឹងថា មនុស្សដល់ទៅ ៦៧៣លាននាក់នៅទូទាំងពិភពលោក នៅមិនទាន់មានបង្គន់សម្រាប់ប្រើប្រាស់នៅឡើយទេ។
អង្គការសុខភាពពិភពលោក ចាត់ទុកកង្វះខាតបង្គន់ប្រើប្រាស់នេះ គឺជាប្រភពចម្បងមួយនៃបញ្ហាសុខភាពប្រជាជននៅលើពិភពលោក ហើយបញ្ហានេះនាំឱ្យមានការចោទសួរថា តើគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០៣០នោះ អាចសម្រេចបានឬយ៉ាងណា។
កាលពីឆ្នាំ២០១០ មហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចទទួលស្គាល់ថា ការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់ការទទួលទាន និងអនាម័យ គឺជាផ្នែកមួយនៃសិទ្ធិមនុស្ស ហើយមហាសន្និបាត បានអំពាវនាវទៅអន្តរជាតិឱ្យខិតខំជួយដល់ប្រទេសនានា ដើម្បីផ្ដល់ទឹកផឹកស្អាត និងមានតម្លៃសមរម្យ និងអនាម័យទៅដល់មនុស្សជាតិ។
គិតត្រឹមឆ្នាំ២០១៧កន្លងមក ប្រជាជនត្រឹមតែ ៣.៤ពាន់លាននាក់ប៉ុណ្ណោះ ទទួលបានសេវាអនាម័យដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព ដែលចំនួននេះទើបតែស្មើនឹងប្រហែល ៤៥ភាគរយនៃចំនួនប្រជាជនសរុបនៅលើពិភពលោក៕