​​រដ្ឋាភិបាល​​បញ្ចេញ​ម៉ាស់​ ២​លាន​​ចែក​ដល់​សហគមន៍​ក្រីក្រ​នៅ​ភ្នំពេញ


រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា និង​រដ្ឋ​មន្ត្រី​ការបរទេស​ហុងគ្រី
លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​លោក ភីធ័រ ស៊ីចាតូ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី ប្រាស្រ័យ​ទាក់​ទង​ទៅ​វិញ​ទៅ​មក​ក្នុង​ពិធី​បើក​ការិយាល័យ​តំណាង​ស្ថានទូត​ហុងគ្រី​ប្រចាំ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (MFAIC)

​កម្ពុជា | ជ័យ ច័ន្ទខេមរា | 11 Nov 2020 | 0 Comments |

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ចែក​ម៉ាស់​ក្រណាត់​ចំនួន ២​លាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​នានា​នៅ​រាជ​ធានី​ភ្នំពេញ ខណៈ​ដែល​កម្ពុជា​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ចំពោះ​ការ​រីក​រាល​ដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​​ខូវីដ​១៩ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ហុងគ្រី​នៅ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន។

ការ​ប្រកាស​ចែក​ម៉ាស់​ដល់​ទៅ ២​លាន​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ល្ងាច​ថ្ងៃ​នេះ ដែល​អះអាង​ថា ធ្វើ​ឡើង​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ម៉ាស់​ក្រណាត់​ដល់​ទៅ​ ២​លាន​នេះ នឹង​ត្រូវ​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល ហើយ​ផ្ដល់​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​ទៅ​ដល់​សហគមន៍​ក្រីក្រ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចេញ​ម៉ាស់​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ ចំ​ពេល​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ឬ​ជំងឺ​ខូវី​ដ​១៩ នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ភីធ័រ ស៊ីចាតូ រដ្ឋ​មន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​សប្ដាហ៍​មុន​នេះ។

លោក ភីធ័រ ស៊ីចាតូ ត្រូវបាន​ធ្វើ​តេស្ត និង​រក​ឃើញ​ផ្ទុក​វីរុស​កូរ៉ូណា​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ១​ថ្ងៃ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​នេះ។

បន្ទាប់​ពី​ដឹង​ព័ត៌មាន​នេះ កម្ពុជា​បាន​ប្រមូល​មនុស្ស​ដល់​ទៅ​ជិត ១,៥០០​នាក់​ហើយ យក​មក​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព បន្ទាប់​ពី​ពួកគេ​បាន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ហុងគ្រី​នៅ​កម្ពុជា ដែល​រាជ​រដ្ឋាភិបាល​ហៅ​ថា ព្រឹត្តិការណ៍ ៣​វិច្ឆិកា។

រហូត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ៤​នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​អគ្គរដ្ឋ​ទូត​ហុងគ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម​ផង​ដែរ ត្រូវ​បាន​ធ្វើ​តេស្ត និង​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគាត់​បាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ហុងគ្រី៕