ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពន្ធនាគារ នឹងទទួលបានការចាក់វ៉ាក់ស៊ាំងការពារ ក្រោយពេលកម្ពុជាសម្រេចបញ្ជាទិញវ៉ាក់ស៊ាំងការពារវីរុសកូរ៉ូណា។
នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរៀបរាប់លើទំព័រហ្វេសប៊ុកលោកថា លោកបានណែនាំទៅរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យត្រៀមថវិកាស្រាប់ទិញវ៉ាក់ស៊ាំង ១លានដូសនៅដំណាក់កាលដំបូង។ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានរៀបរាប់បន្តថា លោកបានណែនាំទៅរដ្ឋមន្ត្រីទាំង ២រូប ឱ្យស្វែងរកការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកជំនួយបន្ថែមជួយមកដល់ប្រជាជនកម្ពុជា ខណៈកម្ពុជាខ្វះខាតថវិកាសម្រាប់បញ្ជាទិញវ៉ាក់ស៊ាំងនេះ។
សម្ដេចតេជោបញ្ជាក់ថា វ៉ាក់ស៊ាំងប្រឆាំងវីរុសកូរ៉ូណានេះដែលកម្ពុជាត្រៀមបញ្ជាទិញ ១លានដូសនេះ អាចចាក់បានមនុស្សតែ ៥០ម៉ឺននាក់ប៉ុណ្ណោះ ដោយមនុស្សម្នាក់ត្រូវចាក់ ២ដង ខណៈលោកថា កម្ពុជាមានមនុស្សខ្ទង់ ១០លាននាក់ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់ ត្រូវការចាក់វ៉ាក់ស៊ាំងប្រឆាំងវីរុសនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា វ៉ាក់ស៊ាំង ១លានដូសដែលកម្ពុជាត្រៀមបញ្ជាទិញនោះ នឹងត្រូវចាក់ទៅលើមនុស្សទាំងឡាយណាដែលធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និងមនុស្សដែលមានហានិភ័យ។
ក្នុងសារជាសំឡេងនៅល្ងាចម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្រូពេទ្យ គឺជាក្រុមអាទិភាពដំបូងគេដែលនឹងទទួលបានការចាក់វ៉ាក់ស៊ាំងនេះ ដែលលោកចាត់ទុកជាកម្លាំងជួរមុខគេប្រឈមមុខនឹងគ្រោះថ្នាក់នៃការឆ្លងវីរុសកូរ៉ូណា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំគ្រាន់តែលើកជាយោបល់ ក្នុង ១លានដូសនេះ អ្នកដែលត្រូវបានគឺថា សំដៅទៅលើគ្រូពេទ្យ ដែលត្រូវបានមុនគេ ព្រោះអ្នកទាំងហ្នឹងគឺជាអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ជួរមុខតែម្ដង»។
ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ក្រុមគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីពន្ធនាគារ គឺជាក្រុមបន្ទាប់ដែលនឹងទទួលបានវ៉ាក់ស៊ាំង ដោយលោកចាត់ទុកក្រុមទាំងនេះ ប្រឈមនឹងហានិភ័យខ្ពស់ផងដែរ។
ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅមិនទាន់សម្រេចនៅឡើយទេថា នឹងត្រូវបញ្ជាទិញវ៉ាក់ស៊ាំងផលិតឡើងដោយប្រទេសណាមួយនោះ។
គិតមកដល់ពេលនេះ សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ បានប្រកាសឱ្យដឹងពីការរកឃើញវ៉ាក់ស៊ាំងប្រឆាំងនឹងវីរុសកូរ៉ូណា ដោយប្រសិទ្ធភាពនៃវ៉ាក់ស៊ាំងរបស់ប្រទេសទាំងនេះ មានកម្រិតខុសៗគ្នា។
វ៉ាក់ស៊ាំង Oxford Uni-AstraZeneca របស់អង់គ្លេស មានប្រសិទ្ធភាពចន្លោះពី ៦០ ទៅ ៩០ភាគរយ ខណៈវ៉ាក់ស៊ី Moderna របស់អាមេរិក ត្រូវបានប្រកាសថា មានប្រសិទ្ធភាពដល់ទៅ ៩៥ភាគរយឯណោះ។ ចំណែកវ៉ាក់ស៊ាំង Sputnik V របស់រុស្ស៊ីវិញ ត្រូវបានគេអះអាងថា មានប្រសិទ្ធភាព ៩២ភាគរយ ហើយវ៉ាក់ស៊ាំង Pfizer-BioNTech របស់អាមេរិក-អាមេរិក ត្រូវបានបញ្ជាក់ថា មានប្រសិទ្ធភាព ៩៥ភាគរយ។