ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់​ថា មិន​បិទ​ប្រទេស ឬ​រាជធានី​ខេត្ត​ណា​មួយ​​​ទេ


សម្ដេច​តេជោ ហ៊ុន សែន

​កម្ពុជា | ជ័យ ច័ន្ទខេមរា | 12 Nov 2020 | 0 Comments |

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា គ្មាន​ការ​បិទ​ប្រទេស ឬ​រាជធានី​ភ្នំពេញ-ខេត្ត ឬ​តំបន់​ណា​មួយ​នោះ​ទេ បន្ទាប់​ពី​មាន​សំឡេង​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា ដែល​និយាយ​ថា រដ្ឋាភិបាល​គ្រោង​ដាក់​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នៅ​ចំពោះ​មុខ​នៃ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​សរសេរ​រៀបរាប់​ថា​៖ «ក្នុង​ឋានៈ​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល ខ្ញុំ​សូម​បញ្ជាក់​ថា នឹង​មិន​មាន​ការ​បិទ​ប្រទេស ឬ​រាជ​ធានី​​ខេត្ត​ ឬ​តំបន់​ណា​មួយ​នោះ​ទេ»

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​សំឡេង​ចែក​ចាយ​តៗ​គ្នា​ថា ជា​ការ​ឃោសនា​អកុសល​របស់​«ពួក​អាក្រក់» ដែល​ចង់​ធ្វើ​ឱ្យ​ប្រទេស​មាន​ចលា​ចល ទំនិញ​ឡើង​ថ្លៃ ហើយ​ប្រជាជន​រស់​នៅ​មិន​ស្ងប់​ចិត្ត ហើយ​លោក​ថា សំឡេង​​ឃោសនា​នោះ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។

សំឡេង​របស់​បុរស​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់ ​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​នៅ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដូចជា ឆាត តេឡេក្រាម និង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដទៃ​ទៀត។

បុរស​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ បាន​ប្រាប់​ទៅ​អ្នក​ដទៃ​ឱ្យ​ទិញ​ម្ហូប​​អាហារ និង​ទំនិញ​ផ្សេង​ស្តុក​ទុក មុន​នឹង​រដ្ឋាភិបាល​ប្រកាស​បិទ​ប្រទេស​នៅ​សប្ដាហ៍​ក្រោយ។

ការ​ឃោសនា​ជំរុញ​ឱ្យ​ទិញ​ទំនិញ និង​ម្ហូប​អាហារ​ត្រៀម​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​នៅ​ចំ​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​ បន្ទាប់​ពី​ព្រឹត្តិការណ៍ ៣​វិច្ឆិកា។

ព្រឹត្តិការណ៍ ៣​វិច្ឆិកា គឺ​សំដៅ​ដល់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ១​ថ្ងៃ​របស់​រដ្ឋ​មន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី លោក ភីធ័រ ស៊ីចាតូ នៅ​កម្ពុជា។ លោក ស៊ីចាតូ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ។

កម្ពុជា​បាន​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ដល់​ទៅ ១,៦០០​នាក់ បន្ទាប់​ពី​ពួកគេ​បាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ទៅ​នឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​​នោះ។

គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ៤​នាក់​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​បាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ហុងគ្រី​នៅ​កម្ពុជា៕