កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​៤​នាក់​ទៀត​ក្រោយ​តេស្ត​ជាច្រើន​ដង


ម៉ម ប៊ុនហេង
លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​សុខាភិបាល​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

​កម្ពុជា | ជ័យ ច័ន្ទឧត្ដម | 13 Aug 2020 | 0 Comments |

កម្ពុជា​បាន​រក​ឃើញ​មនុស្ស ៤​នាក់​បន្ថែម​ទៀត​ឆ្លង​វីរុស​កូរ៉ូណា ដែល​នាំ​ឱ្យ​មនុស្ស​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា កើន​ឡើង​ដល់​ចំនួន​ ២៧២​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្រសួង​សុខាភិបាល​បាន​និយាយ​ថា បុរស​កម្ពុជា ៣​នាក់​ ត្រូវ​បាន​ធ្វើ​តេស្ត​លើក​ទី​៦ ហើយ​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រសួង​បញ្ជាក់ថា បុរសកម្ពុជា​ទាំង ៣​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ដាច់​ដោយ​ឡែក​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ​ហើយ ក្រោយ​ពី​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​មក។

បើ​តាម​ក្រសួង​សុខាភិបាល បុរសក​ម្ពុជា​ទាំង ៣​នាក់​នេះ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​វិល​ត្រឡប់​ពី​ប្រទេស​រុស្ស៊ី​ឆ្លង​កាត់​ម៉ាឡេស៊ី និង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​កន្លង​មក ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​នៅ​ឯ​មជ្ឈ​មណ្ឌល​​​ហ្វឹកហ្វឺន និង​បញ្ជូនសារ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

ក្រសួង​ក៏​បាន​រក​ឃើញ​ការឆ្លង​វីរុស​កូរ៉ូណា​ទៅ​លើ​បុរស​កម្ពុជា​ម្នាក់​ទៀត​អាយុ ២៧​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​វិល​ត្រឡប់​​ពី​ប្រទេស​ឥណ្ឌូនេស៊ី​មក​ដល់​កម្ពុជាកាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា​កន្លង​មក​ផង​ដែរ។

​បុរស​រូប​នេះ ត្រូវ​បាន​តេស្ត​រហូត​ដល់​ទៅ​៥លើក​មុន​នឹង​រក​ឃើញ​សញ្ញា​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា ហើយ​បន្ទាប់​មក​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​​ព្រះ​នរោត្ដម សីហនុ ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

ក្រៅ​ពី​រកឃើញ​អ្នក​ឆ្លង​ថ្មី ក្រសួង​ក៏​ប្រកាស​ផង​ដែរ​ថា បុរស​កម្ពុជា ៣​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ​ហើយ។

ក្រសួង​បញ្ជាក់​ថា បុរស ២​នាក់ គឺ​ជា​អ្នក​វិល​ត្រឡប់​ពី​ប្រទេស​រុស្ស៊ី​តាម​ជើង​ហោះ​ហើរ​ឆ្លង​កាត់​ប្រទេស​ម៉ាឡេស៊ី ហើយ​បុរស​ម្នាក់​ទៀត​អាយុ ៣៧​ឆ្នាំ គឺ​ជា​ទាហាន​មួក​ខៀវ​កម្ពុជា ដែល​បាន​វិល​ត្រឡប់​ពី​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​ជាមួយ​បណ្ដា​ទាហាន​មួក​ខៀវ​កម្ពុជា​ដទៃ​ទៀត។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ដល់​ទៅ ២៧២​នាក់​ហើយ ប៉ុន្តែ ក៏​បាន​ព្យាបាល​ជា​សះ​ស្បើយ​ទៅ​វិញ ២២៣​នាក់​ផង​ដែរ​នៅ​ក្នុង​ចំណោម​ចំនួន​អ្នក​ឆ្លង​សរុប​នេះ៕