​ក្រសួង​សាធារណការ​គ្រោង​ប្ដូរ​ទៅ​អគារ​ថ្មី​ចុង​ឆ្នាំ​នេះ​ក្រោយ​សង់​រួច​រាល់


អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន
សំណង់​អគារ​ពណ៌​លឿង​គឺ​ជា​​ទីស្ដីការ​ថ្មី​​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​សាងសង់​សម្រេច​បាន​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ ហើយ​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ចុង​ឆ្នាំ​២០២០​នេះ។ (MPWT)

អចលនទ្រព្យ | ជ័យ ច័ន្ទខេមរា | 20 Nov 2020 | 0 Comments |

សំណង់​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សម្រេច​បាន​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ ហើយ​គ្រោង​នឹង​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នៅ​ចុង​ឆ្នាំង​នេះផង​ដែរ។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង។

ទំព័រ​ហ្វេសប៊ុក​ក្រសួង បាន​រៀបរាប់​ថា រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ព្រឹក​ថ្ងៃ​នេះ បាន​ចុះ​ទៅពិនិត្យ​ដំណើរការ​សាង​សង់​នៃ​អគារ​ថ្មី​របស់​ទីស្ដីការ​ក្រសួង ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ ជា សុផារ៉ា ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ។

លោក ស៊ុន ចាន់ថុល ថ្លែង​ថា ដំណើរការ​សាង​សង់​អគារ​ទីស្ដីការ​ថ្មី​នេះ សម្រេច​បាន ៩៥​ភាគរយ​ហើយ ហើយកិច្ច​សេស​សល់​ទៀត គឺ​ការ​សម្អាត​បរិវេណ ការ​តុបតែង​ផ្នែក​ខាង​ក្នុង​អគារ និង​សោភ័ណភាព​បរិវេណ​តែ​ប៉ុណ្ណោះ។

អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចាប់​ផ្ដើម​ដំណើរការ​សាង​សង់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​មុន ហើយ​គ្រោង​បញ្ចប់​នៅ​ត្រឹម​ចុង​ឆ្នាំ​២០២០​នេះ៕