មន្ត្រី​អគារ​កាណាឌីយ៉ា​​៖ មន្ត្រី​​ធនាគារ​ចិន​​​សម្រាក​នៅ​ផ្ទះ​​តាំង​ពី​ចុង​ខែ​មុន​​នៅ​មុន​ឆ្លង​វីរុស​កូរ៉ូណា


វិមាន​កាណាឌីយ៉ា
អគារ​កាណាឌីយ៉ា​ស្ថិត​នៅ​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស កែវ​រុក្ខវិថី​ក្រមួន​ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២០។

ធុរកិច្ច | ជ័យ ច័ន្ទឧត្ដម | 05 Dec 2020 | 0 Comments |

អ្នកគ្រប់​គ្រង​អគារ​កាណាឌីយ៉ា បាន​អះ​អាង​ថា បុគ្គលិក​ម្នាក់​បម្រើ​ការ​នៅ​ធនាគារ​ចិន​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​អគារ​កម្ពស់ ៣៣​ជាន់​មួយ​នេះ បាន​សម្រាក​ពី​ការងារ​ជាច្រើន​ថ្ងៃ​មក​ហើយ មុន​ពេល​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ​ពី​ការ​រក​ឃើញ​បុរស​កម្ពុជា​ម្នាក់​វ័យ ២៣​ឆ្នាំ ដែល​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ធនាគារ​ចិន បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​ប្អូន​ស្រី​របស់​គាត់​អាយុ ២១​ឆ្នាំ ដែល​ជា​បុគ្គលិក​បម្រើការ​ងារ​នៅ​ធនាគារ​កាថេ យូណៃធីត ស្ថិត​នៅ​ផ្លូវ​សម្ដេចប៉ាន ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ផងដែរ។

ក្រោយ​រក​ឃើញ​ករណី​ឆ្លង​នេះ រដ្ឋាភិបាល​បាន​សម្រេច​បិទ​អគារ​កាណាឌីយ៉ា និង​ធនាគារ​ចិន​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​អគារ​នោះ និង​ធនាគារ​កាថេ យូណៃធីត ផង​ដែរ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ចំណោម​មនុស្ស​ផ្សេង​ទៀត។

មនុស្ស​ពាក់​ព័ន្ធ​ជាច្រើន ដែល​បម្រើការ​នៅ​ក្នុង​ក្រុមហ៊ុន និង​ហាង​លក់​ទំនិញ​នានា​នៅ​ក្នុង​អគារ​កាណាឌីយ៉ា ត្រូវ​បាន​ឃាត់​មិន​ឱ្យ​ចាក​ចេញ​ពី​អគារ​នោះ​ឡើយ ដើម្បី​ប្រមូល​សំណាក​យក​ទៅ​ធ្វើ​តេស្ត ប៉ុន្តែ បុគ្គលិក​ជាច្រើន​ទៀត ដែល​បម្រើការងារ​នៅ​ជាន់​ផ្សេង​គ្នា​ពី​ជាន់​ដែល​ធនាគារ​ចិន​ជួល​ធ្វើ​ជា​ការិយាល័យ​នោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ទៅ​ធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួន​ឯង​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន។

អ្នក​គ្រប់​គ្រង​អគារ​កាណាឌីយ៉ា លោក ម៉ា ស៊ីថា ប្រាប់​មេគង្គ ដេលី កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា មន្ត្រី​សុខាភិបាល​ បាន​ចុះ​ទៅ​​ប្រមូល​សំណាក​ពី​​មនុស្ស​ដល់​ទៅ ៥០២​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​បុគ្គលិក​បម្រើការ​នៅ​ជាន់​ទី​១ និង​ជាន់​ទី​២ ដែល​ជាន់​ទាំង​ពីរ​នេះ​មាន​ធនាគារ​ចិន​ផង​ដែរ។

លោក ម៉ា ស៊ីថា ប្រាប់​ថា៖ «ចំនួន​ធ្វើ​តេស្ត​កាល​ពី​ម្សិល​មិញ បាន​ដូច​ជា ៥០២​នាក់។ ក្រសួង​គេ​ធ្វើ​តែ​ត្រឹម​ហ្នឹង ហើយ​ក៏​បិទ​បញ្ចប់​ទៅ។ ហ្នឹង​គឺ​អ្នក​ដែល​ប៉ះ​ពាល់​ផ្ទាល់ អ្នក​ដែល​នៅ​ជាន់​ជាមួយ​គ្នា»

​អ្នក​គ្រប់​គ្រង​រូប​នេះ បាន​ឱ្យ​ដឹង​ថា លោក​កំពុង​រង់ចាំ​មើល​លទ្ធផល​ត្រួត​ពិនិត្យ​ដោយ​ក្រសួង​សុខាភិបាល និង​សេចក្ដី​សម្រេច​ពី​រដ្ឋាភិបាល មុន​នឹង​បើក​ដំណើរការ​អគារ​ដ៏​ស្កឹម​ស្កៃ​នេះ​ឡើង​វិញ។

លោក ស៊ីថា ប្រាប់​ថា​៖ «ឥឡូវ​ហ្នឹង យើង​កំពុង​តែ​រង់ចាំ​លទ្ធផល​ពី​ខាង​ក្រសួង​សុខាភិបាល ហើយ​ចំណែកឯ​ការ​បើក​យ៉ាង​ម៉េច​យ៉ាងម៉ា​វិញ អាស្រ័យ​លើ​ការ​សម្រេចរបស់​ក្រសួង ព្រោះ​យើង​រង់ចាំ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ទេ»

បើ​តាម​ក្រសួង​សុខាភិបាល បុរស​អាយុ​២៣​ឆ្នាំ​ដែល​បម្រើ​ការ​នៅ​ធនាគារ​ចិន បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជាមួយ​ស្ត្រី​វ័យ ៣៦​ឆ្នាំ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ហើយ​ស្ត្រី​រូប​នេះ​ គឺ​ជា​ភរិយា​របស់​អនុ​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

លោក ម៉ា ស៊ីថា​ ប្រាប់​ថា លោក​បាន​សាក​សួរ​ទៅ​អ្នក​គ្រប់​គ្រង​ធនាគារ​ចិន ដែល​បាន​ប្រាប់​ថា បុគ្គលិក​របស់​ខ្លួន​ដែល​ឆ្លង​វីរុស​នោះ បាន​ឈប់​សម្រាក​ពី​ការងារ​ចាប់​តាំងពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា បន្ទាប់​ពី​បុគ្គលិក​រូប​នេះ​បាន​ធ្វើ​ដំណើរ​ចូល​ផ្សារ​អ៊ីអន ដែល​ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន​ភ្លាមៗ​កាល​ពី​ចុង​សប្ដាហ៍ បន្ទាប់​ពី​រក​ឃើញ​ថា ​ភរិយា​លោក ឆែម សាវុធ ដែល​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ផ្សារ​ទំនើប​មួយ​នេះ បាន​​ឆ្លង​វីរុស​កូរ៉ូណា។

លោក ស៊ីថា ប្រាប​់ថា៖ «ខាង​គាត់[ធនាគារ​ចិន]​តម្រូវ​ឱ្យ​អ្នក​បាន​ទៅ​អ៊ីអន។ អ៊ីចឹង​ថ្ងៃ​ទី​២៨​ហ្នឹង គាត់​អត់​មក​[ធ្វើការ​ទេ] គាត់​នៅ​ធ្វើ​ចត្តាឡីស័កនៅ​ផ្ទះ។ អ៊ីចឹង​តាំង​ពី​ថ្ងៃ​២៨​ដល់​ឥឡូវ គាត់​អត់​ដែល​មក​ទេ»

អគារ​កាណាឌីយ៉ា​កម្ពស់​ ៣៣​ជាន់ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ឆ្នាំ​២០០៥ ហើយ​បញ្ចប់​គម្រោង​សាង​សង់​នៅ​ឆ្នាំ​២០០៩​នោះ គឺ​ជា​អចលន​ទ្រព្យ​របស់​សម្ព័ន្ធ​ធនាគារ​កាណាឌីយ៉ា ដែល​កាន់​កាប់​ដោយ​លោក ពុង ឃាងសែ ជា​ឧកញ៉ា​មាន​ទ្រព្យ​សម្បត្តិ​ឈាន​មុខ​គេ​មួយ​រូប​នៅ​កម្ពុជា។

បើ​តាម​លោក ស៊ីថា ក្រុមហ៊ុន​ចំនួន ៦០ បាន​ដាក់​ការិយាល័យ ឬ​បើក​​ហាង​លក់​ទំនិញ​ទំនើបៗ​នៅ​ក្នុង​អគារ​ដ៏​ស្កឹម​ស្កៃ​នេះ ហើយ​បុគ្គលិក​មិន​ក្រោម ២​ពាន់​នាក់​ទេ កំពុង​បម្រើការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​នោះ​នៅ​ទីនោះ៕