តួលេខពីរដ្ឋាភិបាលបង្ហាញថា ភ្ញៀវទេសចរចិន នៅតែបន្តឈរនៅលំដាប់ថ្នាក់កំពូលនៅក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងអស់ ដែលបានចូលមកប្រទេសកម្ពុជានៅក្នុងរយៈពេល ៨ខែក្នុងឆ្នាំនេះ។
ស្ថិតិរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជាង ៤.៣៦លាននាក់នៅចន្លោះខែមករា ដល់ខែសីហា ក្នុងឆ្នាំ២០១៩នេះ ដោយបានកើនឡើង ១០.៤ភាគរយ បើធៀបនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្ថិតិដដែលនេះ បានឱ្យដឹងទៀតថា ភ្ញៀវទេសចរចិនដល់ទៅជាង ១.៧លាននាក់ បានធ្វើដំណើរចូលមកប្រទេសកម្ពុជានៅក្នុងរយៈពេល ៨ខែកន្លងមកនេះ ឬកើនឡើងដល់ទៅ ៣៣.១ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងមក។
សន្ទុះកំណើនភ្ញៀវទេសចរចិនបែបនេះ បានធ្វើឱ្យភ្ញៀវទេសចរចិនស្ថិតនៅចំណាត់ថ្នាក់លេខ ១ ឬមានចំណែកដល់ទៅ ៣៩ភាគរយក្នុងចំណោមភ្ញៀវទេសចរបរទេសមកពី ១០ប្រទេសផ្សេងទៀត។
បន្ទាប់ពីភ្ញៀវទេសចរចិន កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមចំនួនជិត ៥៦ម៉ឺននាក់ ឬកើនឡើង ៦.៣ភាគរយ ឬក៏មានចំណែកជិត ១៣ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប។
ចំណែកឯភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាច្រើនជាប់លំដាប់ថ្នាកទី៣នោះ គឺជាជនជាតិឡាវ ដែលមានចំនួនជាង ២៣ម៉ឺន ៥ពាន់នាក់ ប៉ុន្តែ បានធ្លាក់ចុះដល់ទៅ ៥.៣ភាគរយឯណោះ ខណៈដែលភ្ញៀវទេសចរថៃ មានចំនួនជាង ២៣ម៉ឺន ៤ពាន់នាក់ ឬកើនឡើង ១១.២ភាគរយ។
សម្រាបភ្ញៀវទេសចរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កម្ពុជាទទួលបានត្រឹមតែចំនួនជាង ១៧ម៉ឺននាក់ និងជាង ១៦ម៉ឺននាក់តែប៉ុណ្ណោះ ហើយបានដាំក្បាលចុះអស់ ១៧.៥ភាគរយ និង ០.៩ភាគរយនៅក្នុងរយៈពេលនេះ។
ចំនួនភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ទី៦រហូតដល់ទី១០ គឺជាភ្ញៀវជនជាតិជប៉ុនជាង ១៣ម៉ឺននាក់ ភ្ញៀវជនជាតិម៉ាឡេស៊ីមានជាង ១២ម៉ឺននាក់ ភ្ញៀវជនជាតិបារាំងមានជាង ១១ម៉ឺននាក់ និងភ្ញៀវជនជាតិអង់គ្លេសមានជាង ១១ម៉ឺននាក់ផងដែរ។
ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាសរុបនោះ ទេសចរបរទេសដល់ទៅ ៣ ភាគ ៤ បានចូលមកកម្ពុជាតាមមធ្យោបាយដឹកជញ្ជូនជើងអាកាស ក្នុងនោះចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួនជាង ១.៤២លាននាក់ អកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំនួនជាង ១.១៨លាននាក់ និងព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ មានចំនួនជិត ៤៩ម៉ឺននាក់។
ស្របពេលជាមួយគ្នានេះដែរ ភ្ញៀវទេសចរបរទេសចូលតាមច្រកផ្លូវគោក មានចំនួនជាង ១.១៦លាននាក់ និងធ្វើដំណើរចូលមកកម្ពុជាតាមផ្លូវទឹកមានចំនួនជាង ៩ម៉ឺន ៥ពាន់នាក់។
ថ្វីបើចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជានៅរក្សាបានកំណើនក្ដី ប៉ុន្តែ សន្ទុះកំណើនភ្ញៀវទេសចរបរទេសចូលមកប្រទេសកម្ពុជា បានធ្លាក់ចុះពីចំនួនជាង ១.៨៧លាននាក់នៅត្រីមាសទី១ មកនៅត្រឹមចំនួនជាង ១.៤៦លាននាក់នៅត្រីមាសទី២ក្នុងឆ្នាំនេះ៕