ប្រទេសចិននឹងដណ្ដើមតំណែងពីសហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី១នៅក្នុងរយៈពេល ៨ឆ្នាំទៀត គឺជាប្រធានបទឈានមុខគេដែលចុះផ្សាយព្រោងព្រាតដោយសារព័ត៌មានធំៗនៅទូទាំងពិភពលោកនៅសប្ដាហ៍នេះ។
ការព្យាករអំពីដំណើរវិវឌ្ឍន៍សេដ្ឋកិច្ចមហាអំណាចចិននេះ ត្រូវបានសារព័ត៌មាននានាផ្អែកទៅលើរបាយការណ៍សិក្សាមួយ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាជីវកម្ម និងសេដ្ឋកិច្ច ដែលជាក្រុមអ្នកប្រឹក្សាយោបល់អន្តរជាតិមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
ផ្អែកតាមការសិក្សានោះ ប្រទេសចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១នៅលើពិភពលោកនៅឆ្នាំ២០២៨ ពោលគឺដណ្ដើមយកតំណែងនេះពីសហរដ្ឋអាមេរិក ដោយសារតែដំណើរវិវឌ្ឍន៍នៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនេះនៅចំពោះមុខវិបត្តិសុខភាពសកល។
ការសិក្សានោះរកឃើញថា ចិនអាចដណ្ដើមបានតំណែងលេខ១នេះ ក៏ព្រោះតែចិនអាចស្ដារសេដ្ឋកិច្ចរបស់ខ្លួនងើបចេញពីវិបត្តិសុខភាពសកលដែលបណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈសហរដ្ឋអាមេរិកវិញកំពុងតែប្រយុទ្ធនឹងជំងឺនេះ។
ការសិក្សានោះ រកឃើញថា ចិនអាចគ្រប់គ្រងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាបាន ដោយសារតែការបិទទីក្រុងអ៊ូហានយ៉ាងតឹងរឹងកាលពីដំបូងឡើយ ហើយផ្ទុយទៅវិញ សេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងរងការវាយប្រហាររយៈពេលយូរ។
ក្រុមប្រឹក្សាយោបល់មួយនេះ ព្យាករថា សេដ្ឋកិច្ចចិននឹងកើនឡើងជាមធ្យម ៥.៧ភាគរយក្នុងមួយឆ្នាំចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ មុននឹងថមថយកំណើនមកនៅត្រឹម ៤.៥ភាគរយវិញនៅចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។
ក្នុងចន្លោះពេលដូចគ្នានេះ សេដ្ឋកិច្ចសហរដ្ឋអាមេរិក នឹងងើបឡើងវិញនៅនៅឆ្នាំ២០២១ ជាមួយកំណើនយឺតយ៉ាវមកនៅត្រឹម ១.៩ភាគរយប៉ុណ្ណោះនៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ហើយបន្តថមថយមកនៅត្រឹមកំណើន ១.៦ភាគរយចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០៕