ទស្សន:​របស់​ខ្ញុំ​អំពី​ការ​ចេញ​ប្រព័ន្ធ​លេខ​យាន​យន្ត​ជា​ឈ្មោះ​បុគ្គល


លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន
លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ពិនិត្យ​មើល​ផ្លាក​លេខ​ប្រភេត​ថ្មី​សម្រាប់​បំពាក់​លើ​យាន​យន្ត ដែល​ត្រូវ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន២​កាល​ពី​ថ្ងៃ​ទី០៧ ខែ​មករា ឆ្នាំ​២០២០។ (MPWT)

មតិ​មហាជន | ចាន់ សុផល | 10 Jan 2020 | 0 Comments |

ផល​ចំណេញ គឺ​អ្នក​មាន​លុយ​ច្រើន ឬ​មាន​ជំនឿ​ខ្លាំង បង់​លុយ​ទៅ​រដ្ឋ។ យក​ល្អ​គួរ​មាន​ការ​កំណត់​គោលដៅ​នៃ​ការប្រើ​ប្រាស់​ប្រើ​ចំណូល​ជាក់​លាក់​នេះ ដូចជា​ការ​យក​ទៅ​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ឬ​មូលនិធិ​សង្គម​ណា​មួយ​សម្រាប់​ជួយជនខ្សត់ខ្សោយ។ សូម​កុំ​មាន​ការ​ច្រឡំ​ថា យើង​ត្រូវតែ ឬ​គួរ​តែ​ដាក់​ឈ្មោះ​យើង​នៅ​លើ​យាន​យន្ត​យើង​ដូច​គេ​អ្នក​មាន​នោះ​ទេ។ វា​ជា​ប្រព័ន្ធ​សម្រាប់​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ។

ផល​វិបាក​ចម្បង គឺ​ការ​ជំរុញ​សម្ភារៈ​និយម ឬ​ជំនឿ​និយម។ នៅ​ក្នុង​សង្គម គួរ​មាន​ការ​ជំរុញ​ឱ្យ​មាន​ការ​ឱ្យ​តម្លៃ​លើ​សីលធម៌ និង​សិទ្ធិ​ស្មើ​គ្នា​ជាជាង​ការ​បែង​ចែក​ទៅ​តាម​ទ្រព្យ​សម្បត្តិ។ គួរ​មាន​ការ​ពឹង​ពាក់​លើ​សមត្ថភាព​ខ្លួន​ឯង ជា​ជាង​ការ​ពឹង​ផ្អែក​លើ​អបិយ​ជំនឿ ឬ​ព្រេង​វាសនា។ ពិត​មែន​ហើយ មិន​គួរ​មាន​ការ​បិទ​សិទ្ធិ សេរី​ភាព​ជំនឿ សាសនា និង​ឋានៈ​សង្គម​ទេ។ ក៏​ប៉ុន្តែ មិន​គួរ​មាន​ប្រព័ន្ធ​ជំរុញ​ជា​ចំហទៅ​លើ​អបិយ​ជំនឿ និង​ការ​បែង​ចែក​សង្គម​តាម​សម្ភារៈ​ទេ។

ផល​វិបាក​បន្ទាប់​បន្សំ​មាន​ដូច​ជា អ្នក​ចេះ​តែ​អក្សរ​ខ្មែរ​នឹង​មាន​ការ​លំបាក​ចាំ​អត្ត​សញ្ញាណ​យាន​យន្ត​ដែល​បង្ក​បញ្ហា ដោយសារ​វា​មាន​ឈ្មោះ​ជាអក្សរ​ឡាតាំង​ទាំង​អស់ ហើយ​ឈ្មោះ​ខ្លះ អាច​ស្រដៀង​គ្នា (ដូចជា Huoth, Houth, Hourt, Hout, Huot) ដែល​អាច​ធ្វើ​ឱ្យ​ច្រឡំ​គ្នា ក្នុងករណី​យាន​យន្ត​បើក​រត់​ពី​កន្លែង​បង្ក​ហេតុ។

អាច​ដែរ​ទេ​ថា នៅ​ពេល​ឃើញ​សារព័ត៌មាន​ផ្សាយ​ឈ្មោះ​នៅ​ជាប់​យាន​យន្ត​ដែល​មាន​គ្រោះ​ថ្នាក់ ឧទាហរណ៍ Samnang តើ​អាច​នាំ​ឱ្យ​មានមនុស្ស​ច្រើន​បារម្ភ​ពី​ឈ្មោះ​សំណាង​ដែល​គេ​ស្គាល់ និង​ប្រើ​ប្រាស់​យាន​យន្ត​ស្រដៀង​គ្នា?

និយាយ​រួម ខ្ញុំ​មិន​គាំ​ទ្រ​ប្រព័ន្ធ​រដ្ឋ​ដែល​លើក​តម្កើង​សម្ភារៈ​និយម ជំនឿ​និយម និង​អញ​និយម​ទេ។ ប្រសិន​បើ​ខ្ញុំ​មាន​លទ្ធភាព ខ្ញុំ​មិន​ដាក់​ឈ្មោះខ្លួន​ឯង​លើ​យាន​យន្ត​របស់​ខ្ញុំ​ទេ។ ខ្ញុំ​គាំ​ទ្រប្រព័ន្ធ​នេះ​សម្រាប់​សង្គម​ដែល​មាន​ការ​អភិវឌ្ឍ​ច្រើន​ហើយ។ សង្គម​យើង​ត្រូវ​ការ​ការ​បង្រួប​បង្រួម ជាជាង​ការ​បែង​ចែក៕