រាជរដ្ឋាភិបាលបានសម្រេចបិទការិយាល័យធនាគារបរទេស២កន្លែង និងអគារកាណាឌីយ៉ាងទាំងមូល បន្ទាប់ពីរកបុគ្គលិកធនាគារ ២រូប ឆ្លងវីរុសកូរ៉ូណា ក្រោយពួកគេពាក់ព័ន្ធនឹងករណីឆ្លងក្នុងសហគមន៍ ២៨វិច្ឆិកា។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសថា បុរសកម្ពុជាម្នាក់អាយុ ២៣ឆ្នាំ ដែលជាបុគ្គលិកបម្រើការនៅធនាគារចិន (Bank of China) និងនារីម្នាក់អាយុ ២១ឆ្នាំ ដែលជាបុគ្គលិកបម្រើការងារនៅធនាគារកាថេ យូណៃធីត ត្រូវបានធ្វើតេស្តរកឃើញឆ្លងវីរុសកូរ៉ូណា។
បើតាមក្រសួង បុគ្គលិកធនាគារទាំង ២រូបនេះ គឺជាបងប្អូនបង្កើតនឹងគ្នា ដែលមានលំនៅឋានស្ថិតនៅក្នុងសង្កាត់វាលស្បូវ ក្នុងខណ្ឌច្បារអំពៅ ហើយអ្នកទាំង២រូបនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បុរសអាយុ ២៣ឆ្នាំនោះ បានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ ៣៦ឆ្នាំ ដែលត្រូវបានធ្វើតេស្តរកឃើញឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងមកនេះ។ ស្ត្រីកម្ពុជាអាយុ ៣៦ឆ្នាំរូបនេះ គឺជាភរិយារបស់អនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២៨វិច្ឆិកា។
ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបិទធនាគារកាថេ យូណៃធីត ស្ថិតនៅផ្លូវសម្ដេចប៉ាន ក្នុងខណ្ឌដូនពេញ ជាទីដែលនារីកម្ពុជាអាយុ ២១ឆ្នាំបម្រើការងារ និងធនាគារចិនស្ថិតនៅក្នុងអគារកាណាឌីយ៉ា ជាទីដែលបុរសកម្ពុជាអាយុ ២៣ឆ្នាំបម្រើការងារ និងបិទប្រតិបត្តិការរបស់អគារកាណាឌីយ៉ាទាំងមូលផងដែរ ក្រោយពីរកឃើញករណីឆ្លងទាំងពីរនេះ។
គិតមកដល់ថ្ងៃនេះ មនុស្ស ១៩នាក់ហើយ ត្រូវបានរកឃើញឆ្លងវីរុសកូរ៉ូណាពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ដែលត្រូវបានរកឃើញកាលពីថ្ងៃទី២៨ ខែវិច្ឆិកា កើតឡើងលើស្ត្រីវ័យ ៥៦ឆ្នាំ ដែលជាភរិយារបស់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ស្ថិតក្រោមចំណុះរបស់ក្រសួងមហាផ្ទៃ៕