និស្សិត​កម្ពុជា​ទៅ​រៀន​សូត្រ​នៅ​​អាមេរិក​​កើន​ឡើង​រហូត​៦​ឆ្នាំ​ចុង​ក្រោយ​នេះ


និស្សិត​កម្ពុជា
និស្សិត​កម្ពុជា​ស្វែង​យល់​ព័ត៌មាន​ស្ដី​ពី​ការ​សិក្សា​នៅ​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា​នៅ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​កម្មវិធី​ពិព័ណ៌​ការ​សិក្សា​អាមេរិក​។ (ស្ថានទូត​អាមេិរក​នៅ​ភ្នំពេញ)

ធុរកិច្ច | ជ័យ ច័ន្ទមុន្នី | 22 Nov 2020 | 0 Comments |

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ថា ចំនួន​និស្សិត​កម្ពុជា​កំពុង​សិក្សា​រៀន​សូត្រ​នៅ​តាម​មហា​វិទ្យាល័យ ឬ​សាកល​វិទ្យាល័យ​នានា​នៅ​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​ខ្ពស់​នៅ​ឆ្នាំ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពីព្រហស្បតិ៍​កន្លង​មក​នេះ ស្ថានទូត​អាមេរិក​នៅ​រាជ​ធានី​ភ្នំពេញ បាន​បង្ហាញ​តួលេខ​ពី​ចំនួន​និស្សិត​កម្ពុជា​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០​នេះ។

តួលេខ​នោះ ឱ្យ​ដឹង​ថា និស្សិត​កម្ពុជា​កំពុង​សិក្សា​នៅ​តាម​មហា​វិទ្យាល័យ ឬ​សាកល​វិទ្យាល័យ​នានា​នៅ​សហរដ្ឋ​អាមេរិក​​នៅ​ឆ្នាំ​នេះ មាន​ចំនួន ៧៤២​រូប ដោយ​បាន​កើន​ឡើង ៨.៣​ភាគរយ បើធៀប​នឹង​តួលេខ​ឆ្នាំ​មុន ដែល​មាន​និស្សិត​កម្ពុជា​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ចំនួន ៦៨៥​រូប។

តួលេខ​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​រៀន​សូត្រ​នៅ​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​រហូត​នៅ​ក្នុង​រយៈ​ពេល ៦​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ពោល​គឺ​កើន​ពី ៤៣២​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៤ មក​ដល់​ចំនួន ៧៤២​នៅ​ឆ្នាំ​នេះ ដែល​ជា​ចំនួន​វិជ្ជមាន​ជា​និច្ច។

អគ្គរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា តួលេខ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​តម្លៃ​ពិត​ប្រាកដ​នៃ​ប្រព័ន្ធ​អប់រំ​នៅ​អាមេរិក ហើយ​ក៏​ជួយ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ។

«ការ​មាន​និស្សិត​ខ្មែរ​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គឺ​ជា​ការ​ល្អ​សម្រាប់​ប្រទេស​យើង​ទាំង​ពីរ ហើយ​វា​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន​របស់​យើង» សម្ដី​លោក ផាទ្រីក ម័រហ្វី ដែល​ត្រូវ​បាន​ដក​ស្រង់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន។

បើ​តាម​ស្ថានទូត​អាមេរិក សហរដ្ឋ​អាមេរិក គឺ​ជា​គោលដៅ​ទី​១​នៅ​លើ​ពិភព​លោក​សម្រាប់​និស្សិត​អន្តរជាតិ​ ដោយ​មាន​និស្សិត​អន្តរជាតិ​ដល់​ទៅ​ជាង ១​លាន​នាក់​កំពុង​សិក្សា​នៅ​លើ​ទឹក​មហាអំណាច​មួយ​នេះ​នៅ​ចន្លោះ​ឆ្នាំ​២០១៩-២០២០៕