៦​ខែ​កន្លង​មក​នេះ កម្ពុជា​ប្រមូល​​ពន្ធ​អាករ​បាន​ជិត​​១.៧​ពាន់​លាន​ដុល្លារ​​​​


អគ្គនាយកដ្ឋាន​ពន្ធដារ
លោក គង់ វិបុល ប្រតិ​ភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ចំណូល​ពន្ធអាការ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២០។ (អគ្គនាយកដ្ឋាន​ពន្ធដារ)

ធុរកិច្ច | ជ័យ ច័ន្ទមុន្នី | 12 Jul 2020 | 0 Comments |

ខណៈ​ដែល​វិបត្តិ​សុខភាព​សកល​កំពុង​វាយ​ប្រហារ​សេដ្ឋកិច្ច​កម្ពុជា​នោះ ស្ថាប័ន​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​កំណើន​ចំណូល​ពន្ធអាការ​ដែល​ប្រមូល​បាន​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ក្នុង​ឆ្នាំ​នេះ​ទៅ​វិញ។

អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រកាសថា ខ្លួន​ប្រមូល​ចំណូល​ពន្ធ​បាន​ដល់​ទៅ​ជិត ១.៧​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ ដោយ​រក្សា​បាន​កំណើន​ដល់​ទៅ​ ១២​ភាគរយ បើធៀប​នឹង​ចំណូល​ពន្ធ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​ថា ខ្លួន​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ បានចំនួន ១,៦៨៤.៤៨​លាន​ដុល្លារ​អាមេរិក​នៅ​ចន្លោះ​ពី​ខែ​មករា​ដល់​ចុង​ខែ​មិថុនា​កន្លង​មក​នេះ ដែល​សម្រេច​បាន​ខ្ទង់ ៥៩​ភាគរយ​នៃ​ផែនការ​ប្រមូល​ពន្ធ​ប្រចាំ​ឆ្នាំ​នេះ។

បើធៀប​ទៅ​នឹង​ចំណូល​ពន្ធដារ​កាល​ពី​ ៦​ខែ​ឆ្នាំ​មុន អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​ថា ចំណូល​ពន្ធដារ​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ កើន​ឡើង​​ខ្ទង់ ១៨១​លាន​ដុល្លារ ឬ​មាន​កំណើន ១២​ភាគរយ។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ចំណូល​ពន្ធ​លើ​តម្លៃ​បន្ថែម បាន​កើន​ឡើង​ជិត ៥​ភាគរយ ខណៈ​ពន្ធលើ​ប្រាក់​ចំណូល​បាន​កើន​ឡើង​ខ្ទង់ ២៣​ភាគរយ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​មក​នេះ បើធៀប​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

តាម​ផែនការ អគ្គនាយកដ្ឋាន​ពន្ធដារ គ្រោង​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ឲ្យ​បាន​ដល់​ទៅខ្ទង់ ២,៨៨៥​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ៕