ការប្រឡងសញ្ញាបាក់ឌុបឆ្នាំនេះដែលគ្រោងធ្វើនៅក្នុងខែធ្នូនេះ ត្រូវបានលើកពេលហើយ ចំពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាក្នុងសហគមន៍។
ការសម្រេចពន្យារពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឱ្យដឹងនៅថ្ងៃនេះ ដែលជាការអនុវត្តទៅតាមសេចក្ដីណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងអប់រំបាននិយាយក្នុងសេចក្ដីជូនដំណឹងថា ការប្រឡងថ្នាក់ជាតិមួយនេះ នឹងត្រូវលើកពេលទៅធ្វើនៅពាក់កណ្ដាលខែមករាឆ្នាំក្រោយនេះ ប៉ុន្តែ ក្រសួងថា កាលបរិច្ឆេទជាក់លាក់នោះ នឹងត្រូវជូនដំណឹងនាពេលក្រោយ។
ការប្រឡងបញ្ចប់ថ្នាក់ទី១២ ត្រូវបានរៀបចំធ្វើឡើងនៅខែសីហាជារៀងរាល់ឆ្នាំ ប៉ុន្តែ ការប្រឡងបានលើកពេលមកធ្វើនៅថ្ងៃទី២១ និង២២ ខែធ្នូ នៅក្នុងឆ្នាំនេះ បន្ទាប់ពីដំណើរការសិក្សារបស់សិស្សចំណេះទូទៅ បានរអាក់រអួលព្រោះតែក្ដីបារម្ភពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាចាប់តាំងពីដើមឆ្នាំ២០២០នេះមក។
ក្រសួងអប់រំបានសម្រេចលើកពេលប្រឡងបាក់ឌុបបែបនេះ ក៏ព្រោះតែប្រទេសកម្ពុជាកម្ពុជាស្ថិតក្នុងក្ដីបារម្ភចំពោះការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងសហគមន៍ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងមកនេះ។
មនុស្សដល់ទៅ ៣២នាក់ហើយ ត្រូវបានក្រសួងសុខាភិបាលរកឃើញឆ្លងជំងឺផ្លូវដង្ហើមមួយនេះពាក់ព័ន្ធនឹងករណីឆ្លងក្នុងសហគមន៍ ២៨វិច្ឆិកា ដែលសំដៅដល់ការឆ្លងក្នុងសហគមន៍លើកដំបូង ដែលត្រូវបានរកឃើញលើភរិយារបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ៕