បំណុលសាធារណៈដែលកម្ពុជាបានខ្ចីពីបរទេស ឬដៃគូអភិវឌ្ឍន៍នានានៅក្នុងរយៈពេលជិត ៣ទសវត្សរន៍ចុងក្រោយនេះ បានកើនឡើងដល់ទំហំ ១២.៦៤ពាន់លានដុល្លារគិតត្រឹមឆ្នាំកន្លងមកនេះ ដែលភាគច្រើននៃកម្ចីទាំងនោះ ត្រូវបានរដ្ឋាភិបាលចំណាយទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
កំណើននៃទំហំបំណុលដែលកម្ពុជាបានខ្ចីពីបរទេស ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិបត្រស្ថិតបំណុលសាធារណៈកម្ពុជាប្រចាំឆ្នាំ២០១៩ ដែលចេញដោយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ កាលពីខែមីនាកន្លងមក។
របាយការណ៍នេះ បង្ហាញថា រដ្ឋាភិបាលកម្ពុជាបានខ្ចីប្រាក់ទំហំ ១,២៨៨.២៧លានដុល្លារពីដៃគូអភិវឌ្ឍន៍នានាកាលពីឆ្នាំ២០១៩កន្លងមក ក្នុងនោះកម្ចីក្នុងក្របខណ្ឌទ្វេភាគីមានទំហំ ៤៨.៥៥ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណ ៦២៥.៤៨លានដុល្លារ និងកម្ចីក្របខណ្ឌពហុភាគី មានចំនួន ៥១.៤៥ភាគរយ ឬស្មើនឹងប្រមាណ ៦៦២.៧៩លានដុល្លារ។
របាយការណ៍នេះ បានរៀបរាប់ថា កម្ចីដែលរដ្ឋាភិបាលកម្ពុជាបានខ្ចីពីបរទេសដល់ទៅជាង ៨៥ភាគរយ ត្រូវបានយកទៅវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជាង ១៤ភាគរយទៀត សម្រាប់វិស័យនានា ដែលរដ្ឋាភិបាលបានផ្ដល់អាទិភាព។
របាយការណ៍ដដែលនេះ ឲ្យដឹងទៀតថា បំណុលសាធារណៈដែលកម្ពុជាបានខ្ចីពីបរទេសគិតចាប់តាំងពីឆ្នាំ១៩៩៣មក មានទំហំសរុប ១២.៦៤ពាន់លានដុល្លារអាមេរិក ប៉ុន្តែ របាយការណ៍បញ្ជាក់ថា ទំហំសាច់ប្រាក់សរុប ៨.០៨ពាន់លានដុល្លារ ឬជិតស្មើនឹង ៦៤ភាគរយនៃទំហំបំណុលសរុបរបស់កម្ពុជា ត្រូវបានរដ្ឋាភិបាលដកយកពីដៃគូអភិវឌ្ឍន៍ យកមកប្រើប្រាស់ជាក់ស្ដែង។
ផ្ទុយទៅវិញ របាយការណ៍នេះ ក៏បានបង្ហាញផងដែរថា រដ្ឋាភិបាលកម្ពុជាបានទូទាត់សងបំណុលទៅដៃគូអភិវឌ្ឍន៍វិញនូវទឹកប្រាក់ទំហំដល់ទៅ ១.៦៩ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ១៩៩៣មក ក្នុងនោះសងត្រឡប់ទៅម្ចាស់បំណុលបរទេសមានទំហំដល់ទៅជិត ៩៩ភាគរយ ឬស្មើនឹង ១.៦៧ពាន់លានដុល្លារ៕