សួនទឹកដ៏ធំមួយស្ថិតក្នុងតំបន់អភិវឌ្ឍន៍ភាគខាងជើងរាជធានីភ្នំពេញ ត្រូវបានបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះ បន្ទាប់ពីត្រូវបានសាងសង់ឡើងអស់រយៈពេលជាង ២ឆ្នាំ ២ខែ។
លោកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន LYP Group ដែលជាម្ចាស់នៃគម្រោងអភិវឌ្ឍន៍សួនទឹកហ្គាឌិនស៊ីធី បានថ្លែងថា សួនទឹកនេះត្រូវបានបំពាក់ទៅដោយឧបករណ៍កម្សាន្តទំនើបៗ និងបច្ចេកវិទ្យាចុងក្រោយ ដែលធានាបានទាំងគុណភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវចូលលេងកម្សាន្ត។
លោកឧកញ៉ា លី យ៉ុងផាត់ ថ្លែងថា៖ «នេះគឺជាសួនទឹកលំដាប់អន្តរជាតិធំជាងគេបង្អស់នៅកម្ពុជា មានឧបករណ៍សម្រាប់លេងកម្សាន្ត ៣៨ប្រភេទ ដែលសុទ្ធសឹងជាឧបករណ៍ទំនើបទាន់សម័យ និងបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដោយធានាបានទាំងគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកមកលេងកម្សាន្ត»។
លោកឧកញ៉ា លី យ៉ុងផាត់ ថ្លែងទៀតថា សួនទឹកកម្សាន្តដ៏ធំនេះ អាចទទួលភ្ញៀវចូលលេងកម្សាន្តបានដល់ទៅ ៧,០០០នាក់ក្នុងមួយថ្ងៃៗ ប៉ុន្តែ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានកំណត់ចំនួនអ្នកចូលលេងកម្សាន្តត្រឹមតែ ៥០ភាគរយប៉ុណ្ណោះក្នុងមួយថ្ងៃៗ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺខូវីដ១៩នាពេលសព្វថ្ងៃនេះ។
សួនទឹក«ហ្គាឌិនស៊ីធី» ត្រូវបានអភិវឌ្ឍឡើងដោយសម្ព័ន្ធក្រុមហ៊ុន LYP Group ជាមួយទឹកប្រាក់វិនិយោគដល់ទៅ ៤៤លានដុល្លារនៅលើផ្ទៃដីទំហំ ៨.៦ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសែក ក្នុងខណ្ឌជ្រោយចង្វារ៕