​ពលរដ្ឋ​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល​​មាន​អាទិភាព​​ទទួល​បាន​វ៉ាក់សាំង


ពលរដ្ឋ​នៅ​ភ្នំពេញ
អ្នក​បើក​បរ​ម៉ូតូ​កង់​បី​ធ្វើដំណើរ​លើ​ដង​វិថី​កាត់​មុខ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១។ (មេគង្គ ដេលី)

​កម្ពុជា | ជ័យ ច័ន្ទខេមរា | 06 Apr 2021 | 0 Comments |

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឱ្យ​ផ្ដល់​អាទិភាព​ដល់​ប្រជា​ពលរដ្ឋ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​សម្រាប់​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង ខណៈ​ដែល​ភូមិសាស្ត្រ​ទាំង​ពីរ​នេះ កំពុង​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​រៀង​រាល់​ថ្ងៃ។

សម្ដេច​តេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​នៅ​យប់​ថ្ងៃ​នេះ ដែល​ផ្ញើ​ជូន​ទៅ​លោក​ជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ដឹកនាំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស និង​ឯកឧត្ដម វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ជំហាន​បន្ត​របស់​យើង ត្រូវ​គ្រប់​គ្រង[ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩]​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​ឱ្យ​ខាន​តែ​បាន»

បើតាម​សារ​ជា​សំឡេង​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ភាព​ស៊ាំ​​គ្រប់​គ្នា។

សម្ដេច​តេជោ ហ៊ុន សែន ​មាន​ប្រសាសន៍​បន្ត​ថា​៖ «ដូច្នេះ ខ្ញុំ​សូម​​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការងារ​វ៉ាក់សាំង ធ្វើ​ផែនការ​រៀបចំ​​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​បន្ត​​នៅ​ពេល​ដែល​វ៉ាក់សាំង​ថ្មី​បាន​មក​ដល់ គឺ​សំដៅ​ឆ្ពោះ​ភូមិ​សាស្ត្រ​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដែល​ជាប់​នឹង​ទីក្រុង​ភ្នំពេញ​តែ​ម្ដង»

ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​ករណី​ឆ្លង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នៅ​តែ​បន្ត​មាន​ចំនួន​ច្រើន​ជាប្រចាំ​ថ្ងៃ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ មនុស្ស​ដល់​ទៅ ៣៣​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ខណៈ​ដែល​ខេត្ត​កណ្ដាល​​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៨​នាក់។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ២ ៨២៤​នាក់​ហើយបាន​ឆ្លង​វីរុស​កូវីដ​១៩​នៅ​ទូទាំង​ប្រកាស​គិត​ចាប់​តាំង​ពី​ប្រទេស​នេះ​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន ក្នុង​នោះ​ករណី​ឆ្លង​ដ៏​ច្រើន​លើស​លប់​ដល់​ទៅ ២ ២៩៣​ករណី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

ទន្ទឹមគ្នា​នេះ​ ក្រសួង​សុខាភិបាល​បញ្ជាក់​​ថា អ្នក​ជំងឺ​កូវីដ​សរុប​ដល់​ទៅ ១ ៧៩៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​ត្រូវ​បាន​អនុញ្ញាតឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៤៧​​នាក់​ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕