រាជរដ្ឋាភិបាលបានសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយ និងបិទតំបន់ទេសរណ៍ទូទាំងប្រទេសរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃស្អែកនេះទៅ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នេះបើតាមសេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ។
ក្នុងសេចក្ដីសម្រេចនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចហាមឃាត់ការធ្វើដំណើរចេញ-ចូលពីខេត្តមួយទៅខេត្តមួយទៀតជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា។
ប៉ុន្តែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការធ្វើដំណើរចេញចូលទៅមករវាងខេត្តកណ្ដាល និងរាជធានីភ្នំពេញដដែល។
ជាងនេះទៀត សេចក្ដីសម្រេចនេះ ក៏បានលើកលែងចំពោះការធ្វើដំណើរមួយចំនួនដូចខាងក្រោម៖
- ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
- ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត
- ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជ្្ជុនពលករដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក
- រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
- រថយន្តពន្លត់អគ្គីភ័យ
- រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
- ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤នាក់សម្រាប់ករណីនីមួយៗ និង
- ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រៅពីហាមឃាត់ការធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយទៀតហើយនោះ រាជរដ្ឋាភិបាលក៏បានសម្រេចបិទតំបន់ទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសេចក្ដីសម្រេចនោះថា ការសម្រេចបែបនេះគឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ២ ៨២៤នាក់ហើយបានឆ្លងវីរុសកូវីដ១៩នៅទូទាំងប្រកាសគិតចាប់តាំងពីប្រទេសនេះរកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករាឆ្នាំមុន ក្នុងនោះករណីឆ្លងដ៏ច្រើនលើសលប់ដល់ទៅ ២ ២៩៣ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដសរុបដល់ទៅ ១ ៧៩៤នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្នុងនោះរួមបញ្ចូលទាំងអ្នកជាសះស្បើយថ្មី ៤៧នាក់ដែលក្រសួងទើបប្រកាសនៅថ្ងៃនេះផងដែរ៕