​វិស័យ​សំណង់​បន្ត​រក្សា​បាន​កំណើន​ខ្ពស់​នៅ​ដើម​ឆ្នាំ​នេះទោះបី​ខូវីដ​១៩


សំណង់
សំណង់​អគារ​មួយ​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ។ (ជ័យ ច័ន្ទឧត្ដម)

អចលនទ្រព្យ | ជ័យ ច័ន្ទឧត្ដម | 27 Jul 2020 | 0 Comments |

បើទោះបី​វិបត្តិ​សុខភាព​សកល​កំពុង​រាត​ត្បាត​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត ប៉ុន្តែ ទំហំ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​របស់​ប្រទេសក​ម្ពុជា​នៅ​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​នេះ បន្ត​ទទួល​បាន​កំណើន​ដល់​​ជាង ៥១​ភាគរយ​ឯណោះ​ បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ក្នុង​របាយការណ៍​បូក​សរុប​ការងារ​របស់​ខ្លួន​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ ក្រសួង​រៀបចំដែន នគរូបនីយកម្ម និង​សំណង់ បាន​រៀបរាប់​ថា កម្ពុជា​ទទួល​បាន​សំណើ​​សាង​សង់​ដល់​ទៅ ១,១១៦​គម្រោង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​កើនឡើង​លើស​ពី​ឆ្នាំ​មុន ១៧​គម្រោង​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ។

បើ​គិត​ជា​ផ្ទៃ​ក្រឡា​វិញ គម្រោង​សាង​សង់​ដែល​ស្នើ​ឡើង​នៅ​ចន្លោះ​ខែ​មករា ដល់​ចុង​ខែ​មីនា​ឆ្នាំ​នេះ មាន​ទំហំ​ដល់​ទៅ​​ជាង ៥​លាន ៧៣​ម៉ឺន​ម៉ែត្រ​ការ៉េ ដោយ​បាន​កើន​ឡើងលើស​ពី​ឆ្នាំ​មុន​ដល់​ទៅ​ជិត ២​លាន​ម៉ែត្រ​ការ៉េ។

ក្រសួង​បញ្ជាក់​ថា ទំហំ​វិនិយោគ​លើ​គម្រោង​សាង​សង់​ទាំង​អស់​នេះ មាន​តម្លៃ​ដល់​ទៅ​ជាង ២,៥៧៤លាន​ដុល្លារ ឬ​កើន​ឡើង​ដល់​ទៅ ៥១.២៥​ភាគរយ បើធៀប​នឹង​ទំហំ​ទុន​វិនិយោគ​លើ​គម្រោង​សាង​សង់​សរុប​​ជាង ១,៧០១​លាន​ដុល្លារ​កាល​ពី​ ៣​​ខែ​ដើម​ឆ្នាំ​២០១៩​កន្លង​មក។

ក្រសួង​បាន​បញ្ជាក់​លម្អិត​បន្ថែម​ថា សំណើ​សាង​សង់​ដល់​ទៅ ១០៥​គម្រោង ដែល​មាន​ទំហំ​វិនិយោគ​ដល់​ទៅ​ជាង ២,០៩៦​លាន​ដុល្លារ ត្រូវ​បាន​ស្នើ​ឡើង​តាម​រយៈ​ក្រសួង​ផ្ទាល់ ខណៈ​សំណើ​សាង​សង់​ដល់​ទៅ ១,០១១​គម្រោង​ទៀត ត្រូវ​បាន​ស្នើ​ឡើង​តាម​រដ្ឋបាល​ខេត្ត ឬ​រាជ​ធានី ដែល​មាន​ទំហំ​វិនិយោគ​ជាង ៤៧៧​លាន​ដុល្លារ៕