ភ្ញៀវ​ទេសចរ​​​បរទេស​​ចូល​មើល​តំបន់​អង្គរ​​ធ្លាក់​ចុះ​គំហុក​​៦​ខែ​ដើម​ឆ្នាំ​នេះ


តំបន់អង្គរ
មគ្គុទេសន៍​ទេសចរណ៍ និង​អតិថិជន​របស់​គាត់​ឈរ​ជជែក និង​ទស្សនា​ប្រាសាទ​អង្គរ​វត្ត ស្ថិត​ក្នុង​ខេត្ត​សៀមរាប នៅ​ពេល​ថ្ងៃ​រៀប​លិច​អស់​ស្តង្គត កាល​ពី​ឆ្នាំ​២០១៩។ (មេគង្គ ដេលី)

ធុរកិច្ច | ជ័យ ច័ន្ទឧត្ដម | 06 Jul 2020 | 0 Comments |

តួលេខ​ពី​ក្រុមហ៊ុន​រដ្ឋ បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​​តំបន់​អង្គរ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ពាក់​កណ្ដាល​ទី​មួយ​នៃ​ឆ្នាំ​នេះ ដែលនាំ​ឲ្យ​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ធ្លាក់​ចុះ​ខ្លាំង​ដែរ ហើយ​បញ្ហា​នេះ​បណ្ដាល​មក​ពី​វិបត្តិ​សុខភាព​សកល។

តួលេខ​ចេញ​ដោយ​គ្រឹះស្ថាន​អង្គរ ដែល​ជា​​ក្រុមហ៊ុន​រដ្ឋ​គ្រប់​គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជិត ៣៩​នាក់​ បាន​ចូល​ទស្សនា​តំបន់​ទេសចរណ៍​អង្គរ​នៅ​ចន្លោះ​ខែ​មករា ដល់​ចុង​ខែ​មិថុនា​កន្លង​មក​នេះ ដោយ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជិត ៦៩​ភាគរយ បើធៀប​នឹង​​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

តួលេខ​ចេញ​ដោយ​គ្រឹះ​ស្ថាន​អង្គរ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ដល់​ទៅ ៦៧​ភាគរយ​នៃ​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ទេសចរណ៍​មួយ​នេះ ពោល​គឺ​កម្ពុជា​រក​ចំណូល​បាន​ត្រឹម​តែ​ជាង ១៨​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ។

ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​តំបន់​អង្គរ​ខេត្ត​សៀមរាប បាន​ធ្លាក់​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ដើម​ខែ​មករា​រហូត​ដល់​ខែ​មិថុនា​កន្លង​មក​នេះ ហើយ​សន្ទុះ​នៃ​ការ​ធ្លាក់​ចុះ​នេះ កាន់​តែ​រីក​ធំ​ឡើង​នៅ​ពេល​ពិភព​លោក​ឡោម​ព័ទ្ធ​ទៅ​ដោយ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ដែល​បង្ខំ​ឲ្យ​បណ្ដា​ប្រទេស​នានា​បិទ​ប្រទេស​របស់​ពួកគេ ហើយ​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​ជា​ច្រើន ត្រូវ​បាន​ផ្អាក​ការ​ហោះ​ហើរ​​ផង​ដែរ។

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ បាន​ធ្លាក់​ចុះ​ជិត ១៨​ភាគរយ​នៅ​ខែ​មករា មុន​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ៥៦​ភាគរយ​នៅ​ខែ​កុម្ភៈ ជា​ខែ​ដែល​វីរុស​កូរ៉ូណា បាន​ផ្ទុះ​ឡើង និង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ចេញ​ពី​ប្រទេស​ចិន។

​តួលេខ​ភ្ញៀវ​ទេសចរ​អន្តរជាតិ រឹត​តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ដល់​ទៅ​ជាង ៨២​ភាគរយ​នៅ​ក្នុង​ខែ​មីនា ចំ​ពេល​ដែល​កម្ពុជា​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ដល់​ទៅ​ជាង ១០០​ករណី ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​សម្រេច​ចិត្ត​បិទ​ជើង​ហោះ​ហើរ​មក​ពី​ប្រទេស​មួយ​ចំនួន ដែល​វីរុស​កូរ៉ូណា​បាន​ផ្ទុះ​ឡើង និង​រីក​រាល​ដាល​ខ្លាំង។

សម្រាប់​រយៈ​ពេល ៣​ខែ​ចុង​ក្រោយ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ បាន​ធ្លាក់​ចុះ​ដល់​ចន្លោះ​ពី ៩៨ ឬ​ ៩៩​ភាគរយ បើធៀប​ទៅ​នឹង​តួលេខ​ក្នុង​ខែ​នីមួយៗ​នៃ​ឆ្នាំ​មុន។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​តំបន់​អង្គរ និង​ប្រទេស​ទាំង​កម្ពុជា​ទាំង​មូល ត្រូវបាន​រដ្ឋាភិបាល​បន្ទោស​ទៅ​លើ​វិបត្តិ​សុខភាព​សកល ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ឬ​ខូវីដ-១៩។ វិបត្តិ​នេះ បាន​បង្ខំ​ឲ្យ​សណ្ឋាគារ​ទាំង​អស់​នៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវ​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួកគេ ដែល​ង្ខំ​ឲ្យ​បុគ្គលិក​កម្មករ​ដល់​ទៅ​ជាង ១​ម៉ឺន​នាក់​ក្នុង​វិស័យ​សេវា​មួយ​នេះ បាត់​បង់​ការងារ​ធ្វើ៕