កម្ពុជា​ប្រកាស​​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា ហើយ​វិល​ទៅ​​ប្រក្រតីភាព​វិញ


រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា និង​រដ្ឋ​មន្ត្រី​ការបរទេស​ហុងគ្រី
រដ្ឋ​មន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ហុងគ្រី លោក ភីធ័រ ស៊ីចាតូ នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ រាជ​ធានី​ភ្នំពេញ។ (MFAIC)

​កម្ពុជា | ជ័យ ច័ន្ទខេមរា | 18 Nov 2020 | 0 Comments |

ទីបំផុត​ទៅ វា​មាន​​រយៈ​ពេល ១៤​ថ្ងៃ​ហើយ​ដែល​ថា្នក់​ដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន និង​មនុស្ស​ដល់​ទៅ​ជាង ១​ពាន់​នាក់​ផ្សេង​ទៀត បាន​រក្សា​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក ក្រោយ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដែល​បង្ករ​ឱ្យ​មាន​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា។

ព្រឹត្តិការណ៍​ ៣ វិច្ឆិកា គឹ​ត្រូវ​បាន​សំដៅ​ដល់​ដំណើរ​ទស្សនកិច្ច​នៃ​រដ្ឋ​មន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី លោក ភីធ័រ ស៊ីចាតូ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ១​ថ្ងៃ​នៅ​កម្ពុជា។

មនុស្ស​ដល់​ទៅ​រាប់​ពាន់​នាក់ ក្នុង​នោះ​មាន​ទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ផង​ដែរ ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤​ថ្ងៃ​យ៉ាង​តិច​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាល​បន្ថែម​ទៀត ប្រសិន​បើ​វីរុស​កូរ៉ូណា​ត្រូវ​បាន​ចម្លង​ចេញ​ពី​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​នោះ។

គិត​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​មក ឬ​មួយ​ថ្ងៃ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ហុងគ្រី​នៅ​កម្ពុជា​​មក​នោះ ការ​ធ្វើ​ចត្តាឡីស័ក​បាន​ចំណាយ​ពេល​អស់​ ១៤​ថ្ងៃ​ហើយ ហើយ​មនុស្ស​ដែល​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​នឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​នេះ ក៏​ត្រូវ​ដល់​ពេល​ធ្វើ​តេស្ត​លើក​ទី​៤ ដែល​ជា​ការ​ត្រួត​ពិនិត្យ​រក​វីរុស​កូរ៉ូណា​ជា​លើក​ចុង​ក្រោយ​ផង​ដែរ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា លោក និង​ភរិយា​របស់​លោក និង​មនុស្ស​ផ្សេង​ទៀត​ដែល​នៅ​ជុំ​វិញ​លោក បាន​ធ្វើ​តេស្ត​លើក​ទី​៤​រួច​ហើយ​ ហើយ​លទ្ធផល​តេសត្ត​ បង្ហាញ​ថា គ្មាន​នរណា​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ឡើយ។

ថ្វី​បើ​មិនឆ្លង​វីរុស​កូរ៉ូណា​មែន សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ជួប​កូនៗ និង​ចៅ​ៗ​របស់​លោក​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​មួយ​រយៈ​ពេល​ទៀត ដើម្បី​ធានា​ថា លោក​គ្មាន​វីរុស​ចម្លង​ទៅ​កូនៗ និង​ចៅៗ​លោក​នោះ​ឡើយ។

នៅ​ព្រឹក​នេះ​ដែរ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​នឹង​គណៈ​ប្រតិ​ភូ​ហុងគ្រី​នោះ និង​ក្រុម​គ្រួសារ​ ក៏​បាន​ធ្វើ​តេស្ត​លើក​ទី​៤​រួច​ហើយ​ដែរ ហើយ​លទ្ធផល​បង្ហាញ​សញ្ញា​អវិជ្ជមាន​ទាំង​អស់ ដែល​មាន​ន័យ​ថា គ្មាន​នរណា​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ទេ។

ជា​អ្នក​បាន​ចាប់​ដៃ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​ជាមួយ​លោក ស៊ីចាតូ ដែរ​នោះ រដ្ឋ​មន្ត្រី​កសិកម្ម លោក វេង សុខុន ក៏​បាន​បញ្ជាក់​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​ដែរ​ថា លោក និង​ក្រុម​គ្រួសារ​ក៏​មិន​បាន​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នេះ​ដែរ។

មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា គ្មាន​នរណា​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ឡើយ​នៅ​ក្នុង​ចំណោម​​មនុស្ស ១,៤២២​នាក់ ដែល​បាន​ប៉ះ​ពាល់​នឹងព្រឹត្តិការណ៍ ៣​វិច្ឆិកា​កន្លង​មក​នេះ ហើយ​ក្រសួង​ក៏​បាន​ប្រកាស​ពី​ការ​បិទ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​របស់​មនុស្ស​ទាំង​នោះ​ផង​ដែរ។

គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស ៤​នាក់​ ក្នុង​នោះ​មាន​មន្ត្រី​ទូត​ហុងគ្រី​ម្នាក់​ផង​ដែរ បាន​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ហុងគ្រី ប៉ុន្តែ លោក សួស យ៉ារ៉ា ដែល​ជា​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម ៤​នាក់​នោះ ត្រូវ​បាន​ក្រសួង​ប្រកាស​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា បាន​ជា​សះ​ស្បើយ​វិញ​ហើយ​៕