កម្ពុជាបានប្រកាសពីការរកឃើញមនុស្ស ២នាក់ទៀតឆ្លងវីរុសកូរ៉ូណា ដែលនាំឲ្យចំនួនឆ្លងសរុបដែលរកឃើញនៅក្នុងប្រទេសនេះ កើនឡើងដល់ ១៤១ករណីហើយគិតត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាលបាននិយាយថា បុរសកម្ពុជា ២នាក់ អាយុ ២៣ឆ្នាំ និង ១៥ឆ្នាំ ត្រូវបានធ្វើតេស្តកាលពីថ្ងៃម្សិលមិញនេះ ហើយលទ្ធផលបង្ហាញថា ពួកគេបានឆ្លងវីរុសកូរ៉ូណា ឬខូវីដ-១៩។
ក្រសួងបញ្ជាក់ថា បុរសកម្ពុជាទាំង ២នាក់នេះ ដែលម្នាក់មានអាសយដ្ឋាននៅភូមិអំពិល ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតមានអាសយដ្ឋាននៅភូមិព្រែកតាខ្មៅ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើដំណើរវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមិថុនា។
បើតាមក្រសួងសុខាភិបាល បុរសទាំង ២នាក់នេះ ត្រូវបានបញ្ជូនទៅដាក់ឲ្យស្ថិតក្រោមការព្យាបាលដាច់ដោយឡែកនៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតនៅរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល ឲ្យដឹងទៀតថា អ្នកដំណើរ ១០៥នាក់ផ្សេងទៀត ក្នុងនោះមានអ្នកដំណើរជនជាតិម៉ាឡេស៊ី ២នាក់ផងដែរ បានធ្វើដំណើរតាមជើងហោះហើររួមគ្នាជាមួយបុរសកម្ពុជា ២នាក់ ដែលត្រូវបានរកឃើញឆ្លងវីរុស។
បើតាមក្រសួង អ្នកដំណើរជាជនជាតិកម្ពុជា ១០៣នាក់ ត្រូវបានធ្វើតេស្ត និងរកមិនឃើញវីរុសកូរ៉ូណានោះឡើយ ប៉ុន្តែ ពួកគេត្រូវបានដាក់ឲ្យស្ថិតក្រោមការតាមដានដាច់ដោយឡែកនៅមណ្ឌលស្នាក់នៅដាច់ដោយឡែកជម្ពូវ័ន១ នៅជាយខាងត្បូងរាជធានីភ្នំពេញ មុននឹងត្រូវបញ្ជូនទៅស្នាក់នៅដាច់ដោយឡែកនៅតាមមណ្ឌលស្នាក់នៅដាច់ដោយឡែកស្ថិតនៅតាមបណ្ដាខេត្តដែលពួកគេរស់នៅ។
សម្រាប់ជនជាតិម៉ាឡេស៊ី ២នាក់នោះវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា ត្រូវបានបញ្ជូនទៅដាក់ឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
សរុបត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្ស ១៤១នាក់ហើយ បានឆ្លងវីរុសកូរ៉ូណា ប៉ុន្តែ មនុស្ស ១២៩នាក់ហើយ ត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានជាសះស្បើយ ហើយចាកចេញពីមន្ទីរពេទ្យអស់ហើយ៕